(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ រយៈពេល ១សប្តាហ៍ ខ្យល់កន្ត្រាក់បានវាយបំផ្លាញផ្ទះប្រជាពលរដ្ឋជាង ១,០០០ខ្នង នៅខេត្តចំនួន៦។
នាយឧត្តមសេនីយ៍ គន់ គីម បានឱ្យដឹងថា សម្រាប់ខេត្តទាំង៦ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់រួមមាន៖ ខេត្តឧត្តរមានជ័យ, ខេត្តត្បូងឃ្មុំ, ខេត្តកំពង់ស្ពឺ, ខេត្តក្រចេះ, ខេត្តកែប និងខេត្តកំពង់ចាម។ សម្រាប់ផ្ទះដែលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់នេះបណ្តាលឱ្យរបើកដំបូល និងដួលរលំជាដើម។
ដោយឡែកនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ ខ្យល់កន្ត្រាក់បានវាយប្រហារផ្ទះប្រជាពលរដ្ឋជាង ១៥០ខ្នង នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ខណៈ១សប្តាហ៍ សម្រាប់ខេត្តឧត្តរមានជ័យ ខ្យល់កន្ត្រាក់បានបង្កផលប៉ះពាល់ដល់ផ្ទះជាង៥០០ខ្នង។
ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មានចំពោះគ្រោះធម្មជាតិនេះ នាយឧត្តមសេនីយ៍ គន់ គីម បានដឹកនាំកម្លាំងជំនាញចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិដោយផ្ទាល់ ដើម្បីជួយរៀបចំជួសជុលផ្ទះជូនដល់ប្រជាពលរដ្ឋ និងនាំអំណោយជាសង្ហ័សីផងដែរ៕