Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគារជាតិនៃកម្ពុជា បន្តធ្វើតេស្តពង្រឹងសមត្ថភាពមន្ត្រី កម្មវិធីសិក្សា FSI Connect តាមប្រព័ន្ធ Online

11-07-2016 17:26

(ភ្នំពេញ)៖ ដើម្បីឆ្លើយតបការប្រែប្រួល នៃនិម្មាបនកម្មហិរញ្ញវត្ថុ និងនិយាមអន្តរជាតិ អំពីការត្រួតពិនិត្យធនាគារ ជាពិសេសក្រោយកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាល SEACEN លើកទី៣៥ ទាក់ទងនឹងការបង្កើត កម្មវិធីធ្វើតេស្តវាយតម្លៃ និងចេញលិខិតបញ្ជាក់គុណវុឌ្ឍិ មន្ត្រីជំនាញត្រួតពិនិត្យធនាគារ របស់ធនាគារកណ្តាល នៃបណ្តាប្រទេសជាសមាជិក នោះធនាគារជាតិនៃកម្ពុជា បានចាប់ផ្តើមយន្តការថ្មីមួយទៀត គឺការសិក្សាតាម Online ក្រោមកម្មវិធី FSI Connect។

វគ្គសិក្សា NBC–FSI Connect នេះ ត្រូវបានធនាគារជាតិនៃកម្ពុជា ដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦មក សិក្ខាកាមបានសិក្សាមួយរយៈរួចមក នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦នេះ មានមន្ត្រីចំនួន៥១រូប បានដាក់ពាក្យសុំប្រឡងលើមុខវិជ្ជាមួយចំនួន ដែលខ្លួនបានសិក្សាក្នុងកម្រិតបឋមលើកទី១។

ធនាគារជាតិនៃកម្ពុជា បានរៀបចំកម្មវិធីកសាងសមត្ថភាព មន្ត្រីបុគ្គលិករបស់ខ្លួនមកពីតាមបណ្តារសាខារាជធានី ខេត្ត ក្រោយពីការសិក្សាដោយខ្លួនឯងតាម Online ក្នុងកម្មវិធី FSI Connect ។

កម្មវិធីសិក្សា FSI Connect នេះបានរៀបចំឡើងដោយវិទ្យាស្ថានស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ (FSI) នៃធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) ដែលមានស្នាក់ការកណ្តាលនៅប្រទេសស្វ៊ីស ។

ជាក់ស្តែងនៅថ្ងៃ១១ ខែកក្កដានេះ ជាការធ្វើតេស្តវាយតម្លៃលើកទី២ ដោយមានការត្រួតពិនិត្យដោយផ្ទាល់ពី លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ហើយនឹងធ្វើឡើងជាបន្តបន្ទាប់
រហូតដល់បញ្ចប់តាមកម្រិតនីមួយៗ នៅចំពោះមុខគណៈកម្មការគ្រប់គ្រងវគ្គ ដើម្បីធានាគុណភាពសិក្សា និងជឿទុកចិត្តលើលទ្ធផល។

បច្ចុប្បន្នធនាគារកណ្តាលជាង១០០ នៅលើពិភពលោក បានទិញជូនមន្ត្រីខ្លួន ក្នុងការសិក្សាលើឯកទេសកម្ម ត្រួតពិនិត្យធនាគារ ដែលមានសិក្ខាកាមសរុបចំនួន ជាង១០,០០០នាក់ កំពុងសិក្សា ដែលក្នុងនោះមានធនាគារជាតិនៃកម្ពុជា ចំនួន១៨៧រូបផងដែរ៕