(ភ្នំពេញ)៖ ឆ្លើយនឹងសំណួរថា តើនរណាខាតបង់ធ្ងន់បំផុតចំពោះការស្លាប់របស់ លោកបណ្ឌិត កែម ឡី នាពេលនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា អ្នកខាតខ្លាំងបំផុតគឺរាជរដ្ឋាភិបាលកម្ពុជា។ លោក ខៀវ កាញារីទ្ធ បានថ្លែងបែបនេះ ប្រាប់ដល់ក្រុមអ្នកសារព័ត៌មានមួយចំនួន ក្នុងសន្និសីទកាសែតមួយ នាទីស្តីការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ។
លោក ខៀវ កាញារីទ្ធ បានថ្លែងថា «អ្នកខាតបំផុត គឺរាជរដ្ឋាភិបាល ព្រោះរាជរដ្ឋាភិបាលកំពុងតែចង់បង្ហាញថា នៅក្នុងប្រទេសកម្ពុជា មានប្រជាធិបតេយ្យ មានការរិះគន់ដោយសេរី ហើយកន្លងមកនេះក៏ក្រសួងព័ត៌មានតែងខិតខំពន្យល់នៅរាល់ពេលទិវាសេរីភាពសារព័ត៌មាន យើងតែងនិយាយអំពី សិទ្ធិទទួលបានព័ត៌មាន សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដោយគ្មានការភ័យបារម្ភ ដូច្នេះនេះគឺជាការប៉ះពាល់ដល់គោលនយោបាយ របស់រាជរដ្ឋាភិបាលទាំងមូល អញ្ចឹងហើយបានជារាជរដ្ឋាភិបាល កំពុងខិតខំធ្វើយ៉ាងណាបំភ្លឺឱ្យបាននៅលើបញ្ហាងងឹតនេះ»។
លោកថា «សព្វថ្ងៃនេះ ចំពោះរាជរដ្ឋាភិបាលកម្ពុជាសំខាន់បំផុត ជាប្រទេសមួយដែលកំពុងមានស្ថិរភាព ជាប្រទេសមួយដែលប្រកាន់នូវរបបប្រជាធិបតេយ្យ ឯកឧត្តម ឱម យ៉ិនទៀង តែងនិយាយថា “ការរិះគន់ជាអំបុលម្រេច នៃស៊ុបលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា” បានន័យថាបើរបបប្រជាធិបតេយ្យមួយ គ្មានការរិះគន់គឺវាមិនល្អណាស់ណាទេ ដូច្នេះនៅកម្ពុជា ការរិះគន់ជាការធម្មតា»។
លោកបានបន្ថែមទៀតថា «លោកបណ្ឌិត កែម ឡី មិនមែនអ្នកទី១ទេ ដែលរិះគន់អំពីដំណើរការនៃរាជរដ្ឋាភិបាល ដំណើរការនៃសង្គមកម្ពុជា យើងមានមនុស្សច្រើនណាស់ ប៉ុន្តែបច្ចុប្បន្ននេះ ស្រាប់តែមានរឿងនេះកើតឡើង ក្នុងពេលដែល កម្ពុជាកំពុងមានសេរីភាព ដូច្នេះយើងកំពុងតាមដានទៀត»។
សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី អ្នកវិភាគអំពីបញ្ហាសង្គមដ៏ល្បីនៅក្នុងប្រទេសកម្ពុជា ត្រូវបានឃាតករបាញ់សម្លាប់ នៅក្នុងស្តាម៉ាត (Star Mart) ស្តុបបូកគោ ស្ថិតនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីម៉ោង៨៖៥០នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ខណៈកំពុងអង្គុយទទួលទានកាហ្វេ។ លោកត្រូវឃាតកបាញ់២គ្រាប់ ក្នុងនោះ១គ្រាប់ចំក្បាល និងមួយគ្រាប់ទៀតត្រូវ ដើមដៃធ្លាយដល់ក្រោមដោះ ហើយឃាតកដែលបាញ់សម្លាប់ លោក កែម ឡី ម្នាក់ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានផងដែរ។
លោក ខៀវ កាញារីទ្ធ បានស្នើឱ្យប្រជាពលរដ្ឋទុកឱកាសឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវចំពោះករណីឃាតកម្មនេះ ហើយថារាជរដ្ឋាភិបាល នឹងមិនព្រងើយកន្តើយ ចំពោះករណីសម្លាប់លោកបណ្ឌិត កែម ឡី នោះទេ៕