(ភ្នំពេញ)៖ ពិតជាគួរឲ្យអាណិតណាស់! ស្ត្រីម្នាក់បានកាន់លុយចំនួន៦០០ដុល្លារទៅលោះយកកូនស្រីបង្កើតរបស់ខ្លួនមកវិញ ក្រោយពីត្រូវប្ដីលួចយកទៅលក់ឲ្យអ្នកដទៃ តាំងពីកូនស្រីនោះ ទើបបានអាយុ៤ខែមកម្ល៉េះ ប៉ុន្តែត្រូវបានអ្នកទិញយកទៅចិញ្ចឹមនោះមិនព្រមឲ្យវិញឡើយ ដោយបាននិយាយថា គាត់ខំចិញ្ចឹមជិត៦ឆ្នាំហើយ គឺទុកជាកូនបង្កើតរបស់គាត់បាត់ទៅហើយ មិនអាចប្រគល់ឲ្យវិញបានឡើយ ហើយបើចង់យកវិញទាល់តែមាន១៥០០ដុល្លារ បានព្រមឲ្យ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើល និងគួរឲ្យអាសូរនេះ បានកើតឡើងតាំងពីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខសាលាសង្កាត់ចោមចៅ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ស្ត្រីម្នាក់នោះមានអាយុប្រហែល៣០ឆ្នាំ មានរូបសម្រស់ស្រស់ស្អាត ហើយទោះជាព្យាយាមសួរ យ៉ាងណាក៏មិនបានប្រាប់ឈ្មោះរបស់ខ្លួន និងឈ្មោះរបស់ប្ដីនាងដែរ ដោយគ្រាន់តែប្រាប់ថា នាងមានកូនចំនួន៣នាក់ ក្នុងនោះកូនស្រីទី១ ត្រូវប្ដីលួចយកលក់ឲ្យគេក្នុងតម្លៃ៦០០ដុល្លារ តាំងពីកើតមកបានអាយុ៤ខែមកម្ល៉េះ គឺលក់ ខណៈដែលរូបនាង និងប្ដីមានទំនាស់គ្នា ហើយនាងបានរត់ទៅស្រុកកំណើត នៅក្នុងខេត្តកំពង់ចាមរយៈពេល១អាទិត្យ ហើយកាលណោះមិនទាន់មានកូនទី២ និងទី៣ នៅឡើយ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពេលមានរឿងបែបនេះ អាជ្ញាធរបានចុះទៅធ្វើការស្រាវជ្រាវ ហើយអ្នកទទួលចិញ្ចឹមកូននោះ បានឲ្យមើលឯកសារ គឺមិនមែនជាការទិញលក់នោះឡើយ ការយកកូននោះទៅចិញ្ចឹម គឺមានការដឹងឮពីអាជ្ញាធរភូមិ ដោយសារខណៈនោះបុរសជាឪពុកមិនមានលទ្ធភាពចិញ្ចឹម ទើបយកកូននោះទៅប្រគល់ឲ្យគ្រួសារមួយនោះ មានធនធានជីវភាពគួរសមជួយចិញ្ចឹម ដោយគ្មានការទាមទារយកវិញឡើយ ទើបគ្រួសារនោះព្រមទទួលយកទៅចិញ្ចឹម ដែលគិតមកដល់ពេលនេះមានរយៈពេលជិត៦ឆ្នាំហើយ។ មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារ Fresh News ថា នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ សមត្ថកិច្ចបានហៅភាគីសងខាងមកសម្របសម្រួល តែមិនទាន់មានដំណោះស្រាយនៅឡើយទេ ដោយកូនស្រីនោះ គឺស្ថិតនៅក្នុងដៃអ្នកចិញ្ចឹមនៅឡើយ៕