(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ បានដាស់តឿនដល់ប្រជាពលរដ្ឋ ដែលជាយុវជនជំនាន់ក្រោយ គួរប្រើប្រាស់ភាសាខ្មែរ ដែលជាភាសាជាតិ ឲ្យបានកាន់តែទូលំទូលាយបំផុត រាល់ពេលជួបសន្ទនាគ្នា ដើម្បីលើកតម្កើងភាសាជាតិ ជៀសវាងការប្រើប្រាស់ភាសាបរទេសពេលជួបគ្នារវាងខ្មែរ និងខ្មែរ។ លោក ឈន សារ៉ាណេ ថែមទាំងស្នើឲ្យស្លម្ហូបអាហារជាលក្ខណៈប្រពៃណីឲ្យបានច្រើន ក្នុងការទទួលទានប្រចាំថ្ងៃជាលក្ខណៈគ្រួសារ ជៀសវាងបរិភោគម្ហូបអាហារបរទេសច្រើន ដែលនាំឲ្យភ្លេចនូវវប្បធម៌ម្ហូបអាហារប្រពៃណីជាតិយើង។
ការថ្លែងដាស់តឿនរបស់ នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងការអញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងសម្ពោធឆ្លងរបងខ្លោងទ្វារ សមទ្ធិផលនានា នៅវត្តសិរីវិជ្ជា ហៅវត្តនិងព្រែកផ្តាំ ស្ថិតក្នុងភូមិព្រែកផ្ដាំ ឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ថ្លែងនៅចំពោះមុខព្រះអធិការ អាចារ្យគណៈកម្មការ ពុទ្ធបរិស័ទ ចំណុះជើងវត្ដ តាជី យាយជី ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងភ្ញៀវកិត្តិយសប្រមាណជាង៥០០នាក់ នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ដែលជាអនុប្រធានក្រុមការងារចល័តចុះជួយខេត្តព្រៃវែង នៃគណបក្សប្រជាជនកម្ពុជាផងនោះ ក៏បានលើកឡើងថា មូលហេតុដែលនាំឲ្យបុព្វបុរសខ្មែរយើងខិតខំកសាងទីវត្តអារាម និងព្រះវិហារព្រោះថាទីវត្តអារាម ជាកន្លែងបណ្ដុះបណ្ដាលនូវធនធានមនុស្ស សម្រាប់ការសិក្សាអប់រំរៀនសូត្រផង និងជាទីកន្លែងសម្រាប់កំសាន្តនារដូវបុណ្យទានផង។
លោកបានគូសបញ្ជាក់ថា ដោយសារកត្តាប្រទេសជាតិមានសុខសន្តិភាពក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទើបយើងមានឱកាសបានជួបជុំគ្នាយ៉ាងសប្បាយរីករាយដូចពេលនេះ ដូច្នេះយើងទាំងអស់គ្នាត្រូវដឹងគុណ និងសូមអរគុណសន្តិភាព។
ទន្ទឹមនោះ នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានលើករឿងនិទានអប់រំខ្លីមួយគឺ ក្អែកចង់ស៉ីដង្កូវ ដែលសត្វដង្កូវបានដាក់ប្រាថ្នាឲ្យសត្វក្អែកដោះស្រាយសិន ទើបអនុញ្ញាតឲ្យស៉ីខ្លួន។ ស៉ីអត់មាត់ ជាអ្វី? (មច្ចុរាជ), ភ្លឺអត់ភ្នែក ជាអ្វី? (បញ្ញា), ថ្លាអត់ទឹក ជាអ្វី? (សទ្ធាជ្រះថ្លា), ដើរលឿនអត់ជើង ជាអ្វី? (ចិត្ត) ដែលក្នុងន័យនេះបានបង្កប់ន័យអប់រំថា ពេលខ្លួនបានធំធាត់ មានកិត្តិយសខ្ពង់ខ្ពស់ មានបុណ្យសក្តិ មានលុយច្រើន មានទ្រព្យសម្បត្តិ ច្រើន មានអំណាចហើយ សូមកុំមើលងាយ មើលថោក មើលស្រាលដល់អ្នកដែល តូចទាប ទន់ខ្សោយឲ្យសោះ។
នាឱកាសនោះ នាយឧត្តមសេនីយ៍ សាន លុច បានថ្លែងថា លោកនិងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋនៅភូមិព្រែកផ្ដាំ មានសេចក្តីរំភើបរីករាយយ៉ាងក្រៃលែង ដែលបានទទួលវត្តមានដ៏ឧត្តុង្គឧត្តមរបស់ នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ និងលោកស្រី សែម សម្ភស្ស ក្នុងការអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានា ក្នុងវត្តសិរីវិជ្ជា ហៅវត្តព្រែកផ្ដាំ ស្ថិតនៅភូមិព្រែកផ្ដាំ ឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង នាឱកាសនេះ។
លោកបន្តថា នេះជាការបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ គិតគូររបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលជានិច្ចកាលតែងតែរួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ហើយបានចូលរួមដោះស្រាយរាល់សំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្របានជាបន្តបន្ទាប់។
គួរជម្រាបជូនថា នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ និងលោកស្រី សែម សម្ផស្ស និង នាយឧត្តមសេនីយ៍ សាន លុច រួមទាំងក្រុមការងារបាននាំយកថវិការបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ប្រគេនដល់ព្រះចៅអធិការវត្តសិរីវិជ្ជាចំនួន ១១.០០០ដុល្លារ ដើម្បីទូទាត់ថ្លៃជាង បានជួយចាក់ថ្មម៉ិចធ្វើផ្លូវជាង៨គីឡូម៉ែត្រ និងទេយ្យទាន ក្រណាត់ស ប៊ិចសៀវភៅ អង្គ ទឹកសុទ្ធ ភេសជ្ជៈមួយចំនួនផងដែរ៕