(ភ្នំពេញ)៖ ដោយអនុវត្តបទបញ្ជានាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ, ក្នុងអំឡុងពេល នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលពលរដ្ឋភាគច្រើននឹងធ្វើដំណើរកម្សាន្តទៅតាមរមណីយដ្ឋាននានា នាយកដ្ឋានកណ្តាលសន្តិសុខ សូមធ្វេីការក្រើនរំឭក ដល់ពលរដ្ឋគ្រប់រូប ត្រូវបង្កេីនការប្រុងប្រយ័ត្ន ការពារទ្រព្យសម្បត្តិ ផ្ទះសំបែង និងចូលរួមបង្ការ ទប់ស្កាត់ សកម្មភាពក្រុមជនល្មើសគាស់ទម្លុះទម្លាយចូលលួចសម្ភារៈ។
នាយកដ្ឋានកណ្ដាល់សន្ដិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំដូចខាងក្រោម៖
*ទី១៖ ចំពោះបងប្អូន ដែលបំពេញការងារជាបុគ្គលិកសន្តិសុខឯកជនទាំងអស់ ជាពិសេសបងប្អូនដែលឈរជើងនៅតាមគោលដៅបុរី ឬលំនៅដ្ឋាននានា សូមមានការយកចិត្តទុកដាក់ខ្ពស់ កត់សម្គាល់លើបណ្ដាយានជំនិះទាំងឡាយ ដែលមិនធ្លាប់ស្គាល់ភិនភាគអត្តសញ្ញាណ មានវត្តមានឆ្លងកាត់ចូលទីតាំងរបស់ខ្លួន
*ទី២៖ ចំពោះពលរដ្ឋ ដែលមានគម្រោងដេីរកម្សាន្ត នៅទីកន្លែងឆ្ងាយពីលំនៅដ្ឋាន សូមធ្វើការផ្ទៀងផ្ទាត់ ដាក់គន្លឹះទ្វារ-បង្អួច និងចាក់សោរទ្វារឲ្យបានគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ មុននឹងចាកចេញពីផ្ទះសំបែង
*ទី៣៖ ចំពោះពលរដ្ឋ ដែលស្នាក់នៅផ្ទះមិនមានដំណើរកម្សាន្ត សូមជួយសហការក្រោមស្មារតីជាពលរដ្ឋល្អ ផ្ដល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីប្រទះឃើញសកម្មភាពសង្ស័យលើលំនៅដ្ឋាន ឬទីតាំង របស់អ្នកជិតខាងណាមួយ ដូចជា៖
ការជិះក្រវែលដោយជនមិនស្គាល់អត្តសញ្ញាណ ឃើញសកម្មភាព ឬលឺសំឡេង ឆ្កឹះឆ្កៀល វាយដំ ឬអាកាត់សោរទ្វារមានការរើជញ្ជូនឥវ៉ាន់មិនប្រក្រតីចេញពីទីតាំង ក្នុងលក្ខណ:លួចលាក់ បិទបាំងសាធារណៈជន ឃើញវត្តមានបុគ្គលគួរឲ្យសង្ស័យ ដែលតែងតែពាក់ម៉ាស់ និងមួក ឬវ៉ែនតាខ្មៅ ដើម្បីបិទបាំងអត្តសញ្ញាណ។ល។
*ទី៤៖ បង្កេីនភាពជិតស្និទ្ធ ការប្រាស្រ័យទាក់ទងរវាងអ្នកជិតខាង ភូមិផងរបងជាមួយ ដេីម្បីមនសិការ ជួយយកអាសាគ្នាទៅវិញទៅមក។ សូមបួងសួងដល់ទេវតាឆ្នាំថ្មី ប្រោសប្រទានពរជ័យ ជូនដល់ពលរដ្ឋកម្ពុជាគ្រប់រូប ឲ្យជួបតែសេចក្តីសុខគ្រប់ប្រការ៕