(ភ្នំពេញ)៖ សាកលវិទ្យាល័យមេគង្គកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ បានប្រារព្ធនូវពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រ ​ដល់សិក្ខាកាមមគ្គុទ្ទេសក៍ ទេសចរណ៍ថ្នាក់តំបន់ សម្រាប់តំបន់ភ្នំពេញ និងតំបន់ជុំវិញ ជំនាន់ទី១៥ ចំនួន១០៧រូប ស្រី៣២រូប ក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មន្រ្តីរាជការក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ តំណាងសមាគមន៍ទេសចរណ៍ គណៈគ្រប់គ្រង និងបុគ្គលិកសាកលវិទ្យាល័យ សាស្រ្តាចារ្យ និស្សិត និងសិក្ខាកាមមគ្គុទ្ទេសក៍ទេសចរណ៍ ប្រមាណជា២៥០នាក់។

លោក ប៉ាក់ សុខុម ថ្លែងថា «ការបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ភ្នំពេញ និងតំបន់ជុំវិញ ជំនាន់ទី១៥នេះ គឺបានប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងភាពជោគជ័យ ពោលគឺសិក្ខាកាមដែលទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សា នាថ្ងៃនេះ គឺសុទ្ធសឹងតែឆ្លងកាត់នូវការវាយតម្លៃសមត្ថភាពយ៉ាងមត់ចត់ និងយកចិត្តទុកដាក់ខ្ពស់ពី គណៈកម្មការចម្រុះ ហើយសិក្ខាកាម ទាំងអស់គឺមានសមត្ថភាព និងជំនាញពិតប្រាកដ ដែលជាធនធានមនុស្សដ៏មានសក្តានុពល សម្រាប់វិស័យទេសចរណ៍នៃកម្ពុជា»

លោកក៏បានផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ ត្រូវគោរពឲ្យបាននូវក្រមប្រតិបត្តិវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ និងក្រមសីលធម៌វិជ្ជាជីវៈ មគ្គុទ្ទេសក៍ទេសចរណ៍ និងជៀសវាងប្រើប្រាស់​ ឯកសណ្ឋានមគ្គុទ្ទេសក៍ ទេសចរណ៍ទៅធ្វើសកម្មភាពនយោបាយ។

លោក បាន ថេរ៉ូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យមេគង្គកម្ពុជា បានថ្លែងថា ឈរលើបាវចនារបស់សាកលវិទ្យាល័យ «ជាសាកលវិទ្យាល័យ ដែលយកចិត្តទុកដាក់ពីតម្លៃនៃការអប់រំ»  សាកលវិទ្យាល័យ បានរៀបចំនូវវគ្គបណ្តុះបណ្តាល មគ្គុទេ្ទសក៍ទេសចរណ៍នេះ ស្របតាមបទដ្ឋានបច្ចេកទេស របស់ក្រសួងទេសចរណ៍ និងការធានាគុណភាពសិក្សាផ្ទៃក្នុង របស់សាកលវិទ្យាល័យផ្ទាល់ ដើម្បីអភិវឌ្ឍនូវធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ដែលប្រកបដោយ សក្តានុពល ចំណេះដឹង និងសីលធម៌ ហើយជាសក្ខីភាព គឺសាកលវិទ្យាល័យ បានបញ្ចប់ការបណ្តុះបណ្តាលនេះ ដោយជោគជ័យ និងឈានមកដល់ពិធី ប្រគល់វិញ្ញាបនបត្រ បញ្ចប់ការសិក្សានៅក្នុងថ្ងៃនេះតែម្តង»។  

គួររំលឹកផងដែរថា នាពេលថ្មីៗនេះ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យមេគង្គកម្ពុជា ក៏បានសហការរៀបចំនូវការប្រឡង ជ្រើសរើសបេក្ខជនចូលរៀន និងបើកវគ្គបណ្តុះបណ្តា​មគ្គុទ្ទេសក៍ទេសចរណ៍​ថ្នាក់តំបន់ សៀមរាប និងតំបន់ជុំវិញ ជំនាន់ទី២២ ប្រកបដោយតម្លាភាព ដែលមានការអញ្ជើញចូលរួមអង្កេតការណ៍ ពីអង្គភាពប្រឆាំងអំពើរពុករលួយតាមការអញ្ជើញរបស់ ក្រសួងទេសចរណ៍។

សិក្ខាកាមជយលាភីនាថ្ងៃនេះ អាចដាក់ពាក្យស្នើសុំដើម្បីទទួលបានអាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍ ថ្នាក់តំបន់សម្រាប់តំបន់ភ្នំពេញ និងតំបន់ជុំវិញ ស្របតាមបទបញ្ញត្តិ​ ជាធរមានរបស់ក្រសួង​ទេសចរណ៍៕