(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យក្រុមយុវនិស្សិតខេត្តបន្ទាយមានជ័យ ចំនួន៧នាក់ តំណាងឱ្យយុវនិស្សិតខេត្តបន្ទាយមានជ័យ ដែលកំពុងស្នាក់នៅ និងរៀនសូត្រក្នុងរាជធានីភ្នំពេញ ចំនួន ៣,៧៩២នាក់ ចូលមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួបសម្តែងការគួរសម និងគោរពជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលខិតជិតចូលមកដល់នាពេលខាងមុខនេះ។
នាឱកាសនោះដែរ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងថា «ឱ្យតែឮដំណឹងថានឹងបានជួបអ្នកបន្ទាយមានជ័យ គឺតែងតែកន្ត្រាក់អារម្មណ៍ឯកឧត្តមឱ្យនឹករឭកដល់អនុស្សាវរីយ៍កាលពី ឯកឧត្តម នៅជាមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ នឹកដល់មន្ត្រីរាជការ នឹកដល់កងកម្លាំងប្រដាប់អាវុធ ពិសេសនឹកដល់ប្រជាពលរដ្ឋ នៅទីនោះ»។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្ថែមថា ថ្ងៃនេះក្មួយៗសុំមកជូនពរពូ តែពូក៏សូមជូនពរត្រឡប់ទៅក្មួយៗវិញ២យ៉ាងទី១៖ សូមឱ្យក្មួយៗនៅទីនេះ ក៏ដូចជាក្មួៗ យុវនិស្សិតខេត្តបន្ទាយមានជ័យ ដែលរៀននៅរាជធានីភ្នំពេញ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមមានសុខភាពល្អ និងទី២៖ សូមឱ្យជោគជ័យគ្រប់ភារកិច្ចសម្រេចរាល់បំណងប្រាថ្នាដែលខ្លួនបានប៉ង។
លោកបានណែនាំថា សុខភាពមនុស្សយើង គឺសំខាន់ខ្លាំងណាស់ ដូច្នេះក្មួយៗ ត្រូវចេះតាមដាន និងថែទាំសុខភាពឱ្យបានល្អ ហាត់ប្រាណឱ្យបានជាប់ជាប្រចាំ រស់នៅប្រកបដោយ អនាម័យ និងបរិស្ថានស្អាត នៅពេលដែលយើងមានសុខភាពល្អ នោះទើបយើងអាចមានកម្លាំងកាយកម្លាំងចិត្តទៅប្រកបកិច្ចការផ្សេងៗ ឱ្យជោគជ័យ ព្រមទាំងអាចសោយសុខលើភាពជោគជ័យរបស់យើងបាន ហើយបើចង់ជោគជ័យ យើងត្រូវហ្មត់ចត់ចាប់តាំងពីការងារតូចតាចឡើងទៅ ត្រូវមានមហិច្ឆតា និងមានគោលដៅច្បាស់លាស់ មានភាពស្មោះត្រង់ធ្វើអ្វីក៏ដោយឱ្យអ្នកជុំវិញក៏ដូចជាថ្នាក់លើជឿទុកចិត្ត នោះយើងនឹងជោគជ័យជាមិនខាន។
ក្រោយបញ្ចប់ការសំណេះសំណាល និងជូនពររួច លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថតរូបអនុស្សាវរីយ៍ជាមួយក្រុមតំណាងយុវនិស្សិត និងបានផ្តល់ភេសជ្ជៈ ថវិកាមួយចំនួនជូនត្រឡប់ទៅវិញ ដើម្បីអបអរចូលឆ្នាំថ្មីប្រណីជាតិខ្មែរ៕