ក្រុមហ៊ុននាំចេញអង្ករ អេមរ៉ូ រ៉ាយស៍ ចុះកិច្ចព្រមព្រៀងទិញស្រូវសរីរាង្គ៩ពាន់តោន ពីសហគមន៍កសិករខេត្តព្រះវិហារ
11-07-2016 16:20
(ភ្នំពេញ)៖ ក្រុមហ៊ុននាំចេញអង្ករ ដ៏ល្បីរបស់កម្ពុជា Amru Rice នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ បានចុះហត្ថលេខា លើអនុស្សារណៈ និងកិច្ចសន្យា ផលិតកម្មកសិកម្ម សម្រាប់ការអភិវឌ្ឍន៍ ខ្សែសង្វាក់ផ្គត់ផ្គង់ ស្រូវសរីរាង្គប្រកបដោយនិរន្តរភាព ជាមួយសហគមន៍ កសិករចំនួន១៨ នៅខេត្តព្រះវិហារ ដើម្បីធានាទិញស្រូវចំនួន ៩ពាន់តោន។
ពិធីចុះហត្ថលេខារវាងសហគមន៍កសិករ និងក្រុមហ៊ុន Amru Rice នេះរៀបចំឡើងនៅមន្ទីរ កសិកម្មខេត្តព្រះវិហារ។
លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice បានឲ្យដឹងថា កាលពីឆ្នាំមុនក្រុមហ៊ុន ចុះកិច្ចព្រមព្រៀងជាមួយ តែសហគមន៍ប្រជាកសិករចំនួន១២ ប៉ុន្តែឆ្នាំថ្មីនេះ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងថ្មី ជាមួយសហគមន៍កើនឡើង រហូតដល់ ១៨សហគមន៍ស្មើនឹង ប្រជាកសិករ ២៥០០នាក់ មកពីស្រុកនានា ក្នុងខេត្តព្រះវិហារ។
អគ្គនាយកក្រុមហ៊ុនរូបនេះ បានបញ្ជាក់ទៀតថា ការចុះកិច្ចព្រមព្រៀងនេះ មិនត្រឹមតែធានាបាន នូវតម្លៃស្រូវ របស់ប្រជាកសិករក្នុងសហគមន៍ និងធ្វើឲ្យជីវភាពធូរធាប៉ុណ្ណោះទេ អង្ករសរីរាង្គរបស់កម្ពុជា ក៏ល្បីល្បាញក្នុងឆាកអន្តរជាតិ ផងដែរ។
លោកឧកញ៉ា សុង សារ៉ន បានប្តេជ្ញាថា «ខ្ញុំនឹងជំរុញផលិតផលអង្ករសរីរាង្គ ខេត្តព្រះវិហារ ឲ្យពិភពលោកបានស្គាល់កាន់តែខ្លាំង នៅឆ្នាំ២០១៦ និងឆ្នាំ២០១៧»៕