(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអះអាងថា មូលហេតុដែលនាំឱ្យអង្គការ Global Witness ចេញរបាយការណ៍ វាយប្រហារលើគ្រួសារសម្តេចតេជោ ហ៊ុន សែន គឺដោយសារតែ Global Witness មានទំនាស់បុគ្គលជាមួយសម្តេចតេជោ ហ៊ុន សែន។ លោក ខៀវ កាញារីទ្ធ បានអះអាងបែបនេះ នៅក្នុងសន្និសីទកាសែតមួយ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងព័ត៌មាន។
លោក ខៀវ កាញារីទ្ធ បាននិយាយថា នៅលើពិភពលោកនេះ ការចូលរួមភាគហ៊ុន គឺជារឿងធម្មតា ប៉ុន្តែមិនមានន័យថា ជាការក្តោបក្តាប់សេដ្ឋកិច្ចនោះទេ។ លោកថា Global Witness បានប្រព្រឹត្តកំហុសឆ្គងធ្ងន់ណាស់ ។
លោកថា «គ្រាន់តែយើងចូលហ៊ុន ហើយដាក់ថាយើងជាអ្នកក្តោបក្តាប់សេដ្ឋកិច្ចទាំងមូលនោះ ខ្ញុំថាជាកំហុសឆ្គងធ្ងន់ណាស់ ហើយជាការបន្លំមួយទាំងស្រុងតែម្តង»។
សូមបញ្ជាក់ថា នាថ្មីៗនេះ អង្គការ Global Witness បានចេញរបាយការណ៍មួយចោទប្រកាន់ថា គ្រួសាររបស់សម្តេចតេជោ ហ៊ុន សែន មានក្រុមហ៊ុនជាង១០០ ហើយក្តោបក្តាប់សេដ្ឋកិច្ចកម្ពុជាទាំងមូល។ ប៉ុន្តែមន្រ្តីរដ្ឋាភិបាល រួមទាំងកូនៗសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងបានបដិសេធទៅនឹងរបាយការណ៍នេះ ហើយថាជាការបង្កើតរឿងរ៉ាវដើម្បីវាយប្រហារទម្លាក់ប្រជាប្រិយភាពសម្តេចតេជោ នៅមុនពេលបោះឆ្នោត៕