(ភ្នំពេញ)៖ ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ ត្រូវបានកម្លាំងនគរបាល បញ្ចូនទៅដល់តុលាការហើយ នៅវេលាម៉ោង៤រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ។ កាបញ្ជូនខ្លួន ខ្មាន់កាំភ្លើងមកតុលាការនៅពេលនេះ ធ្វើឡើងក្រោយពីសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានហៅទៅសាកសួរ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ។
ករណីខ្មាន់កាំភ្លើងខាងលើនេះ ត្រូវបាន លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ថា សំណុំរឿងខ្មាន់កាំភ្លើងបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កំពុងបន្ត នីតិវិធីនិងអនុវត្តវិធានការស្រាវជ្រាវនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សូមជំរាបថា ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅវេលាម៉ោងប្រមាណជិត៩ព្រឹកថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងទីតាំង ស្តារម៉ាត នៃស្ថានីយប្រេងឥន្ធនៈកាល់តិច បូកគោ ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និងមហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៕