(ព្រៃវែង)៖ លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសមេ្តចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាកសាងអគារមួយខ្នងមាន៤បន្ទប់ ក្នុងអនុវិទ្យាល័យបឹងព្រះ ស្ថិតក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ក្រោយពីសម្តេចបានផ្តល់អគារសិក្សាមួួយខ្នងរួចហើយ ជូនសាសាបឋមនេះ ហើយគ្រោងដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ។
នៅក្នុងឱកាសនោះលោក ព្រុំ សុខា បានថ្លែងថា ការកសាងអគារសិក្សាថ្មីមួយខ្នង នៅអនុវិទ្យាល័យបឹងព្រះនេះ ជាអគារទី២ហើយ បន្ទាប់ពីអគារទី១ នៅបឋមសិក្សាបឹងព្រះ ដែលត្រូវបានកសាងរួចហើយ ជាជំនួយរបស់សម្តេចក្រឡាហោម ស ខេង ហើយអាគារសិក្សាទី១ នឹងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ខាងមុខនេះ។
លោកបានរំលឹកបន្ថែម ដល់អ្នកចូលរួមទាំងអស់ថា «យើងមានឱកាសរស់នៅ ប្រកបរបបរទទួលទាន និងអភិវឌ្ឍន៍គ្រួសារ ប្រទេសជាតិ គឺដោយសារមានសន្តិភាពពេញលេញ ក្រោមកាដឹកនាំរបស់គណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃកម្ពុជា»។
លោកបន្ដថា «យើងរួមគ្នាដើម្បីការពារសមិទ្ធិផលនេះ ឲ្យបានគង់វង្ស សម្រាប់អនាគតរបស់កូនៗ ក្មួយៗ ចៅៗ របស់យើងទាំងអស់គ្នា»។ លោកក៏បាន ផ្តាំផ្ញើដល់មាតាបិតាទាំងអស់ ឲ្យបញ្ជូនកូនទៅសាលារៀន ដើម្បីអនាគតខ្លួនគេផ្ទាល់ គ្រួសារ និងសង្គមជាតិ។ ចុងបញ្ចប់នៃកម្មវិធី លោកបានចែកអំណោយ និងថវិកា ជូនដល់អ្នកចូលរួម សរុបទាំងអស់៨០៥នាក់ ក្នុងម្នាក់ៗទទួលបាន១០០០០រៀល និងក្រណាត់សមួយដុំ លោកគ្រូ អ្នកគ្រូ ម្នាក់ៗទទួលបានថវិកា៣០០០០រៀល សិស្សម្នាក់ៗ៣០០០រៀល និងសម្ភារសិក្សាមួយកញ្ចប់ផងដែរ៕