(ភ្នំពេញ)៖ លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមប្រឹក្សាខណ្ឌ ចៅសង្កាត់និងក្រុមប្រឹក្សាសង្កាត់ទាំង៨ក្នុងខណ្ឌ នាំយកទៀនព្រះវស្សាទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគរបស់ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ថ្វាយប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ទាំង២៤វត្ត ទូទៅខណ្ឌច្បារអំពៅ។
ក្នុងឱកាសនេះដែរ លោកអភិបាលខណ្ឌបានថ្លែងថា «ការដែលយើងអាចបានធ្វើបុណ្យធ្វើទាន ដូចសព្វថ្ងៃនេះ ដោយសារ ប្រទេសជាតិយើងមានសុខសន្តិភាព ហើយសន្តិភាពនេះ មិនអាចកើតឡើង ដោយឯកឯងបាននោះទេ បើគ្មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាមេដឹកនាំដ៏ឈ្លាសវៃ ដោយបានប្រែក្លាយប្រទេសតាំងពីបាតដៃទទេ រហូតមានការរីកចំរើនលើ គ្រប់វិស័យ ពិសេសគោលនយោបាយបង្រួបបង្រួមជាតិ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ»។
ជាមួយគ្នានេះ លោក ញាណ ចាន់សោភា នាយករងរដ្ឋបាលខណ្ឌច្បារអំពៅបានបញ្ជាក់ថា ទៀនវស្សា ទេយ្យវត្ថុនិងគ្រឿងឧបភោគ បរិភោគរបស់ លោកអភិបាលរាជធានីភ្នំពេញ ដែលបានប្រគេនដល់វត្តទាំង២៤ ទូទៅខណ្ឌច្បារអំពៅនេះ រួមមាន៖ ថវិកាចំនួន ២,៤០០,០០០រៀល, ទៀន២៤គូ, សាដក២៤កញ្ចប់, ប្រេងឥន្ធនៈ២៤កាន, ស្ករស ២៤បាវ, ទឹកដោះគោ២៤កេស, ទឹកក្រូច២៤កេស, ទឹកសុទ្ឋ២៤កេស, នីមីយើងចំនួន២៤កេស ផងដែរ៕
សូមជម្រាបថា ពិធីបុណ្យចូលព្រះវស្សានៃព្រះពុទ្ធសាសនានេះ នឹងមកដល់នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខ ដែលតម្រូវឱ្យ ព្រះសង្ឈគ្រប់អង្គប្រតិបត្តិនូវការ គង់ចាំព្រះវស្សានេះ ក្នុងរយៈពេល៣ខែ ទើបមានពិធីបុណ្យចេញព្រះវស្សាវិញ៕