(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៩នាក់ ដកហូតបានថ្នាំញៀង១០កញ្ចប់ និងម៉ូតូ៤គ្រឿង នៅយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ និងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកអនុសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរ បាលយុត្តិធម៌ខណ្ឌជ្រោយចង្វារ បានប្រាប់ Fresh News ថា កម្លាំងនៃអធិការដ្ឋាន នគរបាលខណ្ឌជ្រោយចង្វារ តែងតែដាក់គោលដៅ ឈរជើងយាមល្បាត ពួនស្ទាក់ដោយសហការជាមួយ កម្លាំងសមត្ថកិច្ចតាមបណ្ដា ប៉ុស្ដិ៍នីមួយៗ ដើម្បីបង្កាទប់ស្កាត់រាល់បទល្មើស ក្នុងភូមិសាស្ត្រខណ្ឌ ជាពិសេសគោលដៅដែលចាំបាច់ គឺតាមបណ្ដោយផ្លូវជាតិលេខ៦ តែម្ដងនិងដើម្បីរក្សាសន្តិសុខសុវត្ថិភាពផ្សេងៗ ដែលកើតមាន ខណៈយប់មិញនេះកម្លាំងនគរបាលរបស់យើងបានបង្ក្រាបជាក់ស្ដែងនូវ ករណីប្រើប្រាស់គ្រឿងញៀន ដោយបានឃាត់ខ្លួនជនត្រូវសង្ស័យ ចំនួន៩នាក់ជាបន្តបន្ទាប់ និងដកហូតបានថ្នាំញៀនជាប្រភេទ ម៉ាទឹកកក បាន១០កញ្ចប់តូច និងម៉ូតូ៤គ្រឿងដែលជនត្រូវសង្ស័យ ទាំងនោះជិះធ្វើសកម្មភាពផងដែរ។
លោក ឯក សេរីវុធ បានបន្ថែមថា ជនត្រូវឃាត់ខ្លួន ទី១ឈ្មោះ ប៊ុន លាង អាយុ១៧ឆ្នាំ ទី២ឈ្មោះ សឿន សុភាព អាយុ១៨ឆ្នាំ ជនត្រូវសង្ស័យទាំង២នាក់ ស្នាក់នៅភូមិសង្កែ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ទី៣ឈ្មោះ ជា សុខនី អាយុ២៨ឆ្នាំ ទី៤ឈ្មោះ មាន បារាំង អាយុ២១ឆ្នាំ ជនត្រូវសង្ស័យទាំង២នាក់ ស្នាក់នៅភូមិស្វាយអាត់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ទី៥ឈ្មោះ ដា វាស្នា អាយុ១៨ឆ្នាំ ទី៦ឈ្មោះ អ៊ីម លឹមអៀង អាយុ១៨ឆ្នាំ ជនសង្ស័យទាំង២នាក់ ស្នាក់នៅ ភូមិព្រែកធំ និងភូមិវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ទី៧ឈ្មោះ ចាន់ សុភ័ណ្ឌ អាយុ២៧ឆ្នាំ ទី៨ឈ្មោះ ចាន់ សុផល អាយុ២៣ឆ្នាំ ជនសង្ស័យទាំង២នាក់ ស្នាក់នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ដោយឡែកជនសង្ស័យទី៩ សមត្ថកិច្ចមិនបានប្រាប់ពីអត្តសញ្ញាណ នោះទេ។
បច្ចប្បន្នជនត្រូវសង្ស័យទាំង៩នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅសាកសួរនៅ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕