(សៀមរាប)៖ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ បានចុះត្រួតពិនិត្យកម្លាំង និងទីតាំងប្រចាំការរបស់កងកម្លាំងនគរបាលជាតិ ដែលការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នៅខេត្ដសៀមរាប។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង បានណែនាំ និងក្រើនរំលឹកដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្តតាមតួនាទីភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូនសំដៅធានាឲ្យ១០០ភាគរយ នូវការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថុិជូនថ្នាក់ដឹកនាំ ព្រមទាំងភ្ញៀវទេសចរដែលមកកម្សាន្ដ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតិឲ្យរៀបចំកម្មវិធីអង្គរសង្ក្រាន្ដឡើងវិញ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។ ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏អញ្ជើញចូលរួមដោយផ្ទាល់ផងដែរ។

កម្លាំងសមត្ថកិច្ចចម្រុះប្រមាណ៨,៨០២នាក់ មកពី១២អង្គភាពនិងស្ថាប័ន រួមមាន អគ្គស្នងការដ្ឋាននគរបាលជាតិ​ កងរាជអាវុធហត្ថ​ បញ្ជាការដ្ឋានអង្គរក្ស និងបញ្ជាការដ្ឋានជាតិប្រឆាំងភេរវកម្ម និងត្រូវដាក់រាយនៅតាមបណ្តាគោលដៅសំខាន់ចំនួន៦ទីតាំង ដេីម្បីការពារសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងជួយសម្រួលចរាចរណ៍ ដល់ថ្នាក់ដឹកនាំក៏ដូចជាប្រជាពលរដ្ឋភ្ញៀវជាតិ-អន្តរជាតិ​ ដែលអញ្ជេីញចូលរួមលេងកម្សាន្តសប្បាយ៕