(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រីឧកញ៉ា ហេម ចិត្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភបណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាដឹកនាំក្រុមការងារគ្រប់ថ្នាក់ អាជ្ញាធរដែនដី អញ្ជេីញចូលរួមពិធី​ដង្ហែ​រដុំនិមិត្តសីមាទិសឥន្រ្ទកីលក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា​ វត្ត​ប្រាសាទ​ស្រះកណ្តាល​ខ្ចាស់​ ឃុំបុស្បូវ​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ព្រមទាំងក្រុមការងារទាំងអស់បានបូជាគ្រឿងសក្ករ:បូជា មាន ទៀនធូប ផ្កាភ្ញី តាមគន្លងព្រះពុទ្ធសាសនា​ ពុទ្ធានុញ្ញាត​ បួងសួងសូមទសបារមីនិងព្រះវិញ្ញាណក្ខន្ធចៅអធិការវត្ត​ប្រាសាទ​ស្រះកណ្តាល​ខ្ចាស់​គ្រប់ព្រះអង្គសូមជួយប្រោះព្រំឱ្យពុទ្ធបរិស័ទទាំងអស់ជួបតែសេចក្តីសុខគ្រប់ប្រការ។

ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ព្រមទាំងក្រុមការងារបានឆ្លៀតសំណេះសំណាលសួរសុខទុក្ខក្មួយៗ​ គណៈគ្រប់គ្រងនៃមណ្ឌលកុមារកំព្រាវិសាខានៃក្ដីសង្ឃឹមវត្តខ្ចាស់​ និងបាននាំយកអំណោយជាគ្រឿងឧបភោគ​ បរិភោគ​ សម្ភារសិក្សា​ សារុង​ ទេយ្យវត្ថុវេរប្រគេនព្រះសង្ឃ​ ចែកជួនក្មួយៗជាកុមារកំព្រា​ និងអ្នកចូលរួមសរុប៤២៣នាក់​ដែលសរុបរួមជាថវិកាស្មេីនឹង១៥លាន២៣៥ពាន់រៀល៕