(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងលោកឧកញ៉ា គុយ លាងគី បានរៀបចំពិធីសំណេះសំណាល ជាមួយក្រុមការងារ និងសុំសេចក្តីសុខសេចក្ដីចម្រើន ដើម្បីត្រៀមសង្ក្រាន្តឆ្នាំថ្មី នៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។
លោកស្រី ឃួន ឃុនឌី បានលើកឡើងថា នៅក្នុងឆ្នាំថ្មីនេះ សូមឲ្យសិរីសួស្ដីជ័យមង្គល កើតមានដល់ប្អូនៗក្មួយៗទាំងអស់ ដែលជាអ្នកទទួលបន្ទុកការងារ នៅក្នុងសណ្ឋាគារនេះ សូមឲ្យក្មួយៗប្អូនៗ ទទួលបាននូវសេចក្តីសុខចម្រើនជៀសឲ្យផុតពីឧបទ្រព្យចង្រៃ និងកោតសរសើរពីភាពរួសរាយរាក់ទាក់របស់ក្រុមការងារ អតិថិជនដែលបានចូលមកទទួលយក
សេវាកម្មពីសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ ហើយសំណូមពរដល់ក្មួយៗប្អូនៗទាំងអស់។
លោកស្រីក៏បានប្រាប់ឲ្យត្រូវទទួលយកការរិះគន់ ព្រមទាំងចំណុចខ្វះខាតមួយចំនួន និងធ្វើយ៉ាងណាកែលម្អដើម្បីធ្វើឲ្យប្រសើរឡើង ក្នុងការបម្រើសេវាកម្មជូនដល់ភ្ញៀវ និងអតិថិជនឲ្យបានល្អប្រសើរថែមមួយកម្រិតទៀត និងសូមរំលឹកដល់ក្រុមការងារទាំងអស់ ដែលបម្រើការនៅក្នុងសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ ត្រូវធ្វើខ្លួនឱ្យល្អ ជាពលរដ្ឋល្អ ជាកូនល្អជាកូនកតញ្ញូ និងចេះគោរពឪពុកម្ដាយ ដែលជាអ្នកមានគុណមិនអាចកាត់ថ្លៃបាន។
លោកស្រី ក៏បានផ្ដល់អនុសាសន៍ឲ្យក្មួយៗ ទាំងអស់ត្រូវតែប្រកាន់ខ្ជាប់ នៅតែមានទម្លាប់ប្រពៃណីខ្មែរ ឲ្យបានខ្ជាប់ខ្ជួន និងប្រព្រឹត្តនៅទង្វើល្អ ឲ្យបានជាប្រចាំព្រោះថា នៅក្នុងព្រះពុទ្ធសាសនា យើងបានចែងថាធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ដូចប្អូនៗឃើញស្រាប់ហើយ ទង្វើអាក្រក់នេះបានធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិទាំងមូល ពិសេសគឺក្រុមគ្រួសារ ដែលបង្កមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។
ក្នុងពិធីដេញឧបទ្រពចង្រៃដើម្បីសុំសេចក្តីសុខចម្រើនសម្រាប់សង្ក្រាន្តឆ្នាំថ្មីនេះ មានការប្រគុំលេងពីក្រុមរបាំត្រុដិ ដែលជារបាំប្រពៃណីជាតិខ្មែរផងដែរ។
សូមបញ្ជាក់ថា នៅក្នុងពិធីនេះ លោកស្រីព្រមទាំងលោកឧកញ៉ា និងក្រុមគ្រួសារបានផ្ដល់ជូននៅថវិកាចំនួន ៥ ម៉ឺនរៀល និងក្រមា១ដល់ក្រុមការងារបម្រើការ នៅក្នុងសណ្ឋាគារកំពុងធំរ៉ូយ៉ាល់ទាំងមូល៕