(ភ្នំពេញ)៖ លោក សឿង សុធានី ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានចេញមុខបកអាក្រាតល្បិចកិច្ចកលរបស់គណបក្សភ្លើងទៀន ដែលព្យា​យាមបំភ្លៃ​ថា ការបិទទ្វាររោងចក្រមួយចំនួននៅកម្ពុជានាពេលបច្ចុប្បន្ន ព្រោះតែការបាត់ការអនុ​គ្រោះពន្ធ (EBA) របស់សហភាពអឺរ៉ុប។

ក្នុងយុទ្ធនាការស្វែងរកសំឡេងឆ្នោតថ្នាក់ដឹកនាំគណបក្សភ្លើងទៀន បានព្យាយាម​លើកឡើងថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីសហភាពអឺរ៉ុប ជាហេតុនាំ​ឱ្យរោងចក្រមួយចំនួនត្រូវបិទទ្វារ។ ពួកគេថែមទាំងសន្យាថា នៅពេលបក្សរបស់គេ​ឈ្នះនឹងនាំយកនូវ EBA នេះមកវិញថែមទៀតផង។

លោក សឿង សុធានី ជាអ្នកតាមស្ថានការណ៍នយោបាយ និងបញ្ហាសង្គមដែរ​នោះ បានចាត់ទុកការលើកឡើងរបស់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ជាការនិយាយមិន​បានឆ្លុះបញ្ចាំងពីស្ថានភាពពិតនៃបញ្ហានោះឡើយ។ ជាការនិយាយ ដើម្បីតែកេង​ចំណេញ​ផ្នែកនយោបាយប៉ុណ្ណោះ។

លោក សុធានី បានអះអាងថា ដើមចមនាំឱ្យរោងចក្រនៅកម្ពុជាមួយចំនួនបិទទ្វារ មិនមែនបញ្ហាសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធប្រមាណ ២០ភាគរយនោះ​ឡើយ តែបង្កឡើងដោយវិបត្តិសាកល គឺជំងឺកូវីដ១៩ និងសង្គ្រាមនៅអ៊ុយក្រែន។

សម្រាប់លោក សុធានី ជំងឺកូវីដ១៩ និងសង្គ្រាមនៅអ៊ុយក្រែន នាំឱ្យប្រជាពលរដ្ឋ​នៅ​តំបន់​អឺរ៉ុប បាត់បង់ប្រភពចំណូល ដែលទាមទារឱ្យការចាយវាយរបស់ពួកគេ​ត្រូវរឹតត្បិត។

លោក សុធានី បានចោទសួរបកទៅថ្នាក់ដឹកនាំបក្សភ្លើងទៀនថា រោងចក្រជាច្រើន​នៅ​ប្រទេសវៀតណាម និងក្រុមហ៊ុនជាច្រើននៅលើពិភពលោកត្រូវបិទទ្វារ កាត់​បន្ថយបុគ្គលិក តើបណ្តាលមកពីសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធដែរឬយ៉ាង​ណា?

ក្រៅពីបកអាក្រាតល្បិចកិច្ចកលនេះហើយ លោក សុធានី បានអំពាវនាវដល់ប្រជា​ពល​រដ្ឋជាម្ចាស់ឆ្នោត ជាពិសេសខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅប្រទេសកម្ពុជា ត្រូវគិតគូរពិចារណាឱ្យបានច្បាស់លាស់ មិនត្រូវចាញ់បោកការឃោសនាទាំងឡាយ​ណាមិនឆ្លុះបញ្ចាំងពីការពិតនោះឡើយ៕