(កណ្តាល)៖ លោក យូ សិរីវុឌ្ឍ ប្រធានក្រុមការងារកសាងសមាជិកបក្សក្នុងជួរកម្មករ និយោជិតតាមរោងចក្រក្នុងខេត្តកណ្តាល បានលើកឡើងថា មានតែរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនប៉ុណ្ណោះ ដែលប្រឹងប្រែងស្វះស្វែងរកការវិនិយោគបង្កើតការងារជូនប្រជាពលរដ្ឋ។ រីឯក្រុមប្រឆាំងវិញមិនបានជួយរកការងារជូនប្រពលរដ្ឋនោះឡើយ ហើយមានតែប្រឹងបង្កបាតុភាពដេញអ្នកវិនិយោគចេញពីក្នុងស្រុកថែមទៀតផង។
លោក យូ សិរីវុឌ្ឍ បានគូសរំលេចបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ៥៥០នាក់ មកពីបណ្តារោងចក្រនានា ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្នុងជំនួបសំណេះសំណាល ក៏មានការអញ្ជើញចូលរួមពីក្រុមការងារកសាងសមាជិកបក្សក្នុងជួរកម្មករ និយោជិតតាមរោងចក្រក្នុងខេត្តកណ្តាលជាច្រើនរូបទៀត។
ក្នុងជំនួបសំណេះសំណាលនោះ ក្រៅតែពីនាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់កម្មករ និយោជិតហើយនោះ លោក យូ សិរីវុឌ្ឍ ក៏បានលើកបង្ហាញកម្មករ និយោជិត ពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ក្នុងការបង្កើតការងារជូនកម្មករ និយោជិតផងដែរ។
លោក យូ សិរីវុឌ្ឍ បានលើកឡើងថា វត្តមានរោងចក្រ សហគ្រាសទាំងឡាយនៅកម្ពុជា ដែលជាប្រភពផ្តល់ការងារជូនប្រជាពលរដ្ឋធ្វើនេះ កើតចេញពីទំនុកចិត្តរបស់ថៅកែរោងចក្រ សហគ្រាស ចំពោះសុខសន្តិភាព និងស្ថេរភាពក្នុងសង្គមកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ។ បន្ថែមពីលើនោះ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ក៏បានរៀបចំគោលនយោបាយវិនិយោគ ដោយផ្តល់ការលើកទឹកចិត្តជាច្រើនសម្រាប់អ្នកវិនិយោគបរទេស។ ជាមួយគ្នានោះ រាល់ជំនួបជាមេដឹកនាំប្រទេសជាមិត្ត ក៏ដូចជាអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស សម្តេចតេជោ ហ៊ុន សែន មិនដែលភ្លេចនោះឡើយ ជាមួយការទទូច និងអំពាវនាវឱ្យពួកគេដាក់ការវិនិយោគនៅកម្ពុជា។
«អ្វីដែលខ្ញុំបានលើកឡើងទាំងនេះ ជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ថា ការងារដែលបងប្អូនកំពុងធ្វើបច្ចុប្បន្ន គឺបានមកដោយសារការប្រឹងប្រែងរបស់សម្តេចតេជោ មិនមែនមកដោយសារបក្សប្រឆាំងនោះឡើយ។ បក្សប្រឆាំងមិនដែលជួយរកការងារជូនកម្មករនិយោជិតនោះឡើយ ហើយថែមទាំងដឹកនាំកម្មករធ្វើបាតុកម្ម បង្កបាតុភាពនានាប៉ះពាល់ទឹកចិត្តអ្នកវិនិយោគ នាំឱ្យពួកគេដកការវិនិយោគចេញពីកម្ពុជាថែមទៀតផង»។ នេះជាការគូសបញ្ជាក់របស់លោក យូ សិរីវុឌ្ឍ។
ក្រៅពីលើកបង្ហាញនូវកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋហើយនោះ លោក យូ សិរីវុឌ្ឍ ក៏បានលើកបង្ហាញនូវវីរភាពនៃការដឹកនាំ របស់សម្តេចតេជោ ក្នុងការនាំមកនូវសុខសន្តិភាព ការអភិវឌ្ឍប្រទេសឱ្យរីកចម្រើន ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជាដើម។
ផ្អែកលើគុណវុឌ្ឍិនៃការដឹកនាំរបស់សម្តេចតេជោខាងលើនេះ លោក យូ សិរីវុឌ្ឍ បានអះអាងជូនដល់កម្មករ និយោជិតថា មានតែការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ អាចធានាបាននូវសុខសន្តិភាព ធានាបាននូវការអភិវឌ្ឍ និងធានាបាននូវការងារជូនប្រជាពលរដ្ឋ។ លោក បានអំពាវនាវឱ្យកម្មករ និយោជិតទាំងអស់ ត្រូវជឿជាក់លើបក្សប្រជាជនកម្ពុជា ជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ
ហើយបន្តបោះឆ្នោតគាំទ្របក្សប្រជាជន បោះឆ្នោតជូនសម្តេចតេជោនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕