(ព្រះវិហារ)៖ អាជ្ញាធរ និងសមត្ថកិច្ច កម្ពុជា-ថៃ នៅច្រកព្រំដែនអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ បាននិមន្តព្រះសង្ឃ២០អង្គ រៀបចំពិធីសូត្រមន្តរួមគ្នា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ដែលជិតចូលមកដល់នាពេលដ៍ខ្លីខាងមុខនេះ។
ពិធីនេះ ភាគីកម្ពុជាដឹកនាំលោក ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារទទួលបន្ទុកព្រំដែន និងលោកឧត្តមសេនីយ៍ទោ លៀង ឡេង មេបញ្ជាការរងយោធភូមិទី៤ តំណាងឧត្ដមសេនីយ៍ឯក ពៅហេង មេបញ្ជាការយោធភូមិភាគទី៤ ឧត្ដមសេនីយ៍ទោ ថុល សុវណ្ណ មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ តំណាងឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោក ចិន ខន្តី អភិបាលរងស្រុក តំណាងលោក វុធ តារ៉ា អភិបាលស្រុកជាំក្សាន្ត ចំណែកភាគីថៃដឹកនាំដោយឧត្ដមសេនីយ៍ទោ សាវរាជ សែងផុន មេបញ្ជាការភូមិភាគទី២និងប្រតិភូជាច្រើនរូបទៀត។
នៅក្នុងពិធីសូត្រមន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីនេះដែរ មានការនិមន្តព្រះសង្ឃចូលរួមចំនួន២០អង្គគឺខាងកម្ពុជាមាននិមន្តព្រះសង្ឃចូលរួមចំនួន១០អង្គ ខាងភាគីថៃនិមន្តព្រះសង្ឃចូលរួម ចំនួន១០អង្គផងដែរ។ ហើយពិធីនេះ បានធ្វើឡើងជារៀងរាល់ឆ្នាំ គឺនៅពេលមុនពិធីបុណ្យចូលឆ្នាំមកដល់ក្នុងន័យរឹតចំណងមិត្តភាព សាមគ្គីភាព តាមព្រំដែនរវាងកម្ពុជា-ថៃ ក៏ដូចជាបង្ហាញនូវប្រពៃណីទំនៀមទំលាប់ដូចគ្នា។
សូមបញ្ជាក់ថា ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជិតចូលមកដល់ លោក វុធតារ៉ា អភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានដាក់បទបញ្ជារតាមរយៈកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក ដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំង៣ ត្រូវយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ តាមមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ ពិសេសត្រូវយកចិត្តទុកដាក់អនុវត្តន៍តាមការណែនាំពីលោក គីម រិទ្ធ អភិបាលខេត្តព្រះវិហារ ឲ្យមានប្រសិទ្ធិភាពខ្ពស់៕