ភ្នំពេញ)៖ បណ្ដារថយន្តសម័យសង្គមរាស្ត្រនិយម «ម៉ាកអង្គរ» ដែលផលិតនៅកម្ពុជាឆ្នាំ១៩៥៥ (មានអាយុ៦៨-៦៧ឆ្នាំ) បន្ទាប់ពីជួសជុលបានស្អាតឡើងវិញ នឹងត្រូវដាក់តាំងបង្ហាញម្តងទៀត ក្នុងឱកាសរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅគេហដ្ឋាននាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ។
រថយន្តទាំងនេះស្ថិតនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ហើយត្រូវបានយកទៅប្រើប្រាស់ក្នុងការថតខ្សែភាពយន្តហូលីវូដបានចំនួន២ដង។ រថយន្តម៉ាកអង្គរជាប្រភេទរថយន្ត Minibus ត្រូវបានផលិតនៅកម្ពុជាក្នុងសម័យសង្គមរាស្ត្រនិយម អំឡុងឆ្នាំ១៩៥៥-១៩៥៦។
ភាពលេចធ្លោរនៃរថយន្តនេះ គឺជារថយន្តផលិតនៅកម្ពុជានាសម័យសង្គមរាស្ត្រនិយម ឈ្មោះក៏មានលក្ខណៈជាខ្មែរ «ម៉ាកអង្គរ» ពិសេសគឺបានឆ្លងកាត់ច្រើនសម័យកាលជាមួយប្រជាជនកម្ពុជា ពោលគឺតាំងពីសម័យរួចផុតពីនឹមអាណានិគម សម័យសន្តិភាពរីកចម្រើននៃរបបសង្គមរាស្ត្រនិយម ធ្លាក់ដល់សម័យសង្គ្រាម បនប្រល័យពូជសាសន៍ សម័យរំដោះ ហែលឆ្លងមកដល់សម័យតេជោសន្តិភាពនេះទៀត ពោលគឺមិនងាយមានរថយន្តណានៅសេសសល់ដូចរថយន្ត១គ្រឿងនេះឡើយ។
ដោយទឹកចិត្តរក្សាតម្លៃ ស្នាដៃរបស់ខ្មែរ លោកឆៃ ស៉ីណារិទ្ធ បានចំណាយថវិកាទិញរថយន្តម៉ាកអង្គរនេះក្នុងតម្លៃ៧,៥០០ដុល្លារ និងជួសជុលអស់៦,០០០ដុល្លារទៀត។ ការជួសជុលរថយន្តនេះទៀតសោត គឺនៅរក្សាទម្រង់ដើមឱ្យនៅដដែល ពោរពេញដោយភាពទាក់ទាញជាទីបំផុត។ ទាំងកៅអីអង្គុយ តួ ទ្វារ និងដំបូលមានលក្ខណៈពុកផុយអស់ទៅហើយ។ ម៉ាស៉ីនដើមរបស់វាត្រូវបានផលិតដោយក្រុមហ៊ុនស៉ីត្រូអ៊ែនរបស់ប្រទេសបារាំង ឯគ្រឿងបន្សំផ្សេងៗត្រូវបានផលិតនៅកម្ពុជា។
នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣ខាងមុខ រថយន្តសម័យសង្គមរាស្ត្រនិយមម៉ាកអង្គរត្រូវបានតុបតែងលំអរបង្ហាញជូនប្រជាជនឱ្យបានស្គាល់។
រថយន្តម៉ាកអង្គរបានបង្ហាញថា ខ្មែរយើងមានការផលិតរថយន្ត ឬនិយាយបានថាវិស័យឧស្សាហកម្មរបស់យើងធ្លាប់រីកចម្រើនខ្លាំង តែដោយសាររបបឃោរឃៅព្រៃផ្សៃ ប៉ុល ពត វិស័យឧស្សាហកម្មបានបាត់បង់ទៅវិញ។ ឥឡូវនេះ ជាសម័យកាលសន្តិភាពក៏ធ្វើឱ្យមានក្រុមហ៊ុនផលិតរថយន្តមកផលិតនៅកម្ពុជា និងចាប់ផ្តើមមានសកម្មភាពដំណើរការផលិតកម្មផងដែរ៕