(កណ្ដាល)៖ ខេត្តកណ្ដាលនឹងរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ជាមួយកម្មវិធីកម្សាន្តសម្បូរបែប និងសន្តិសុខរឹងមាំ ដើម្បីអបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ជាមួយនឹងការរៀបចំសង្ក្រាននេះ អភិបាលខេត្តកណ្ដាល គង់ សោភ័ណ្ឌ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំសង្ក្រាន្តខេត្តកណ្ដាលនាពេលថ្មីៗនេះ ដោយបានលើកឡើងពីការរៀបចំកម្មវិធីកម្សាន្ដពិសេសៗជាច្រើន ដើម្បីធ្វើឱ្យកម្មវិធីកាន់តែសប្បាយរីករាយជាមួយនឹងការរក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋមកលេងកម្សាន្តផងដែរ។

លោក គង់ សោភ័ណ្ឌ បានណែនាំឱ្យមន្ត្រីទាំងអស់ត្រូវរៀបចំកម្មវិធីនីមួយៗឱ្យបានច្បាស់លាស់ សំដៅធ្វើយ៉ាងណាទាក់ទាញចំណាប់អារម្មណ៍ពីមហាជនមកចូលរួមក្នុងកម្មវិធីសង្ក្រាន្តខេត្តកណ្តាលបានច្រើនកុះករ។ ក្នុងនោះក៏ត្រូវយកចិត្តទុកដាក់លើកត្តាអនាម័យសំអាតបរិស្ថាន។ ស្តង់ពិព័រណ៍ទំនិញ ត្រូវរៀបចំដាក់ស្តង់ពិព័រណ៍ទំនិញតាមគោលដៅដែលបានកំណត់ ត្រូវមានសណ្ដាប់ធ្នាប់រៀបរយល្អ។

សូមជម្រាបថា នៅក្នុងកម្មវិធីសង្ក្រាន្តនេះ រដ្ឋបាលខេត្តបានរៀបចំនូវកម្មវិធីជាច្រើន រួមមាន កម្មវិធីតាមបែបសាសនា ពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ពិធីចម្រើនព្រះបរិត្ត សូត្រមន្តលើករាសី របាំបួងសួងនិងរបាំត្រុដ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ ពិធីកម្សាន្តសប្បាយរួមមាន កម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ ចោលឈូង បោះអង្គុយ លាក់កន្សែង ទាញព្រ័ត្រ ស្តេចចង់ជាដើម៕