(រតនគិរី)៖ អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានទទួលជួបជាមួយគណៈប្រតិភូរណសិរ្សមាតុភូមិវៀតណាម ខេត្តយ៉ាឡាយ ដោយបានលើកឡើងអំពីទំនាក់ទំនងមិត្តភាព និងការបន្តកិច្ចសហប្រតិបត្តិការ ព្រមទាំងជូនពរទៅវិញទៅមកសម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោក ញ៉ែម សំអឿន បានលើកឡើងពីកាលៈទេសៈបច្ចុប្បន្ន និងអតីតកាលរវាងកម្ពុជា-វៀតណាមតែងតែនៅក្បែរគ្នា និងជួយគ្នាទៅវិញទៅមកក្នុងស្មារតីទទួលខុសត្រូវ និងសម្រេចឱ្យបាននូវឆន្ទៈរួមរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។

ទន្ទឹមនេះ លោកអភិបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា ខេត្តរតនគិរី និងខេត្តយ៉ាឡាយនឹងពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពបន្ថែមទៀតនាពេលអនាគត ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

លោកស្រី ហ្វាម ធីឡាន អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិខេត្តយ៉ាឡាយ ក៏បានប្ដេជ្ញាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការ និងចំណងមិត្តភាពកាន់តែល្អប្រសើរទ្វេឡើង ដើម្បីភាពសុខសាន្ត និងការរីកចម្រើនទាំងផ្នែកជីវភាពរស់នៅរបស់ប្រជាជន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងខេត្តទាំងពីរផងដែរ។

ភាគីវៀតណាមក៏បានផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ៕