(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ បានណែនាំឲ្យបន្ដលើកកម្ពស់វិស័យកីឡា ដើម្បីកសាងមនុស្សគ្រប់រូប ឲ្យមានសុខភាព និងសុខុមាលភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម មានវិន័យ និងមានស្មារតីក្រុមគំនិតច្នៃប្រឌិត។

ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាត បូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងអប់រំ យុវជន និងកីឡា។ ពិធីនេះ ប្រារព្ធធ្វើឡើង នៅសាលសន្និសីទវិទ្យាស្ថានបច្ចេកទេសកម្ពុជា នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «បន្តលើកកម្ពស់វិស័យកីឡា ដើម្បីកសាងមនុស្សគ្រប់រូបឲ្យមានសុខភាព និងសុខុមាលភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម មានវិន័យ មានស្មារតីក្រុមគំនិតច្នៃប្រឌិត និងមានការតស៊ូស្វិតស្វាញ សំដៅដណ្ដើមបានលទ្ធផលល្អប្រសើរ ក្នុងការប្រកួតកីឡាលើឆាកអន្តរជាតិ»

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យបន្ដលើកកម្ពស់វិស័យកីឡា ដើម្បីកសាងមនុស្សគ្រប់រូប ឲ្យមានសុខភាព និងមានជីវភាពស្របតាមពាក្យស្លោក «កីឡារស់ប្រកបដោយសុខដុមរមនា ក្នុងសង្គមក្រោមម្លប់សន្តិភាព» ព្រមទាំងបន្តជំរុញចលនា «យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត»

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏ណែនាំឲ្យបន្តលើកកម្ពស់ សុខភាពអនាម័យនៅតាមគ្រឹះ-ស្ថានសិក្សា ត្រៀមវិធានការឆ្លើយតប និងចូលរួមទប់ស្កាត់ភ្លាមៗ និងបង្កើនការអប់រំ អំពីសុវត្ថិភាពសុខភាពសិក្សា សុវត្ថិភាពចំណីអាហារ ដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស កែលម្អហេដ្ឋា-រចនាសម្ព័ន្ធសុខភាព។

សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យរៀបចំ បន្ទប់សុខភាព ស្តង់ដារបរិស្ថាន សាលារៀនបៃតង សាលាស្អាតគ្មានសំរាម លើកកម្ពស់ការ ប្រើប្រាស់ទឹកស្អាត និងអនាម័យផ្តោតលើទឹក ទទួលទាន កន្លែង លាងដៃ បង្គន់អនាម័យ លើកកម្ពស់អាហារូបត្ថម្ភ ដោយផ្តោតលើសុវត្ថិភាពចំណីអាហារ និងការផ្តល់អាហារតាមសាលារៀន ការអប់រំអំពីសុខភាពសិក្សា ការហាត់ប្រាណ និងលេងកីទ្បា។

សូមរំលឹកថា ក្រសួងអប់រំ យុវជន និងកីឡា បានបើកសន្និបាតបូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០២១-២០២២ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២២-២០២៣ កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។ សន្និបាតរបស់ក្រសួងអប់រំ យុវជន និងកីឡានៅឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «បរិវត្តកម្ម នៃវិស័យអប់រំ»

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្នុងគោលបំណងឆ្លើយតបទៅនឹងការធ្វើបរិវត្តកម្មក្នុងវិស័យអប់រំ ព្រមទាំងឆ្លើយតបនឹងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញកន្លងមកផងនោះ សន្និបាតអប់រំនៅឆ្នាំនេះ បានសម្រិតសម្រាំងខ្លឹមសារ និងជ្រើសរើសយកប្រធានបទសំខាន់ៗចំនួន១១ រួមមាន៖
ទី១៖ ដំណើរឆ្ពោះទៅកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣
ទី២៖ ការគាំពារ និងការអភិវឌ្ឍកុមារតូចតាមគ្រប់រូបភាព
ទី៣៖ វិធានការស្តារការខាតបង់ការសិក្សាក្រោយការរីករាលដាលជំងឺកូវីដ១៩
ទី៤៖ ការអប់រំបរិស្ថានបៃតង
ទី៥៖ កំណែទម្រង់សាលារៀន
ទី៦៖ កំណែទម្រង់សាលាគរុកោសល្យ
ទី៧៖ ការគ្រប់គ្រងការផ្លាស់ប្តូរនៅក្នុងស្ថាប័ន
ទី៨៖ ការផ្សារភ្ជាប់មធ្យមសិក្សានឹងឧត្តមសិក្សា
ទី៩៖ អក្ខរកម្មជាស្ពានឆ្ពោះទៅរកជំនាញមុខរបរ និងការសិក្សាបន្ត
ទី១០៖ បំណិនសតវត្សរ៍ទី២១សម្រាប់យុវជន
និងទី១១៖ ការលើកកម្ពស់សុខភាពសិក្សា៕