(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គសន្និបាតអប់រំ ដែលបានដំណើរការដោយរលូន ទទួលបានសមិទ្ធផលគួរជាទីមោទនៈលើការងារអប់រំ អភិវឌ្ឍយុវជន ការអប់រំកាយ និងកីឡាដោយបានពិនិត្យឡើងវិញនូវសមិទ្ធផលសម្រេចបានក្នុងរយៈពេល១០ឆ្នាំ តាមរយៈការអនុវត្តការកែទម្រង់ជាបន្តបន្ទាប់។

ការកោតសសើរបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅសៀលថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ពិធីនេះប្រារព្ធធ្វើឡើង នៅសាលសន្និសីទវិទ្យាស្ថានបច្ចេកទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើយ៉ាងដូច្នេះថា៖ «ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គសន្និបាតអប់រំ ដែលបានដំណើរការដោយរលូន និងទទួលបានសមិទ្ធផលគួរជាទីមោទនៈលើការងារអប់រំ អភិវឌ្ឍយុវជន និងការអប់រំកាយ និងកីឡា ដោយបានពិនិត្យឡើងវិញនូវសមិទ្ធផលសម្រេចបាន ក្នុងរយៈពេល១០ឆ្នាំកន្លងមក តាមរយៈការអនុវត្តការកែទម្រង់ជាបន្តបន្ទាប់...!»

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក៏ដូចជាវឌ្ឍនភាពសម្រេចបានក្នុងឆ្នាំសិក្សាកន្លងមក ព្រមទាំងបានដាក់ចេញនូវអាទិភាព ៨ចំណុច សម្រាប់ទិសដៅការងារនាពេលខាងមុខឱ្យកាន់តែស៊ីជម្រៅ ស្របតាមបរិការណ៍ថ្មីៗនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទាំងក្នុងតំបន់ និងពិភពលោក ជាពិសេសក្នុងខណៈដែលកម្ពុជា កំពុងរក្សាបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងបានឆ្លើយតបទៅនឹងចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្តថា សមិទ្ធផលដែលទទួលបានពិតជាបានស្តែងចេញពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងស្អិតរមួតរបស់ថ្នាក់ដឹកនាំបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា សហគមន៍ និងឤជ្ញាធរដែនដី ក្នុងការអភិវឌ្ឍវិស័យអប់រំឱ្យមានការរីកចម្រើនទៅមុខ ស្របតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមយ៉ាងដូច្នេះថា៖ «ជាមួយគ្នានេះខ្ញុំសូមអរគុណ និងវាយតម្លៃខ្ពស់ចំពោះដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមសហការ និងផ្តល់ការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា និងបច្ចេកទេស»

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានគាំទ្រកម្មវិធីកែទម្រង់ វិធានការ និងអាទិភាព ដែលអង្គសន្និបាតបានដាក់ចេញ ដោយឈរលើមូលដ្ឋាននៃ សមិទ្ធផលនាពេលបច្ចុប្បន្ន និងកាលានុវត្តភាពថ្មីៗ និងការកំណត់ទិសដៅការកែទម្រង់ច្បាស់លាស់ ប្រកបដោយភាពជាក់ស្តែងនិយម ជាមួយនឹងគោលដៅជាក់លាក់ ព្រមទាំងមានរចនាសម្ព័ន្ធដឹកនាំ និងមានយន្តការអនុវត្តច្បាស់លាស់ ដើម្បីកសាងមូលធនមនុស្សដែលមានសក្តានុពល ទាំងចំណេះដឹង ជំនាញ និងអាកប្បកិរិយាសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តផ្តល់អាទិភាពក្នុងការជ្រើសរើស និងបណ្តុះបណ្តាលគ្រូបង្រៀន ដើម្បីបំពេញបន្ថែមនូវតម្រូវការគ្រូបង្រៀនប្រកបដោយគុណភាព ការកៀរគរ និង ការផ្តល់ធនធានបន្ថែមទៀត សម្រាប់គាំទ្រដល់ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការអនុវត្តការកែទម្រង់សាលារៀន ការអភិវឌ្ឍ និងការលើកកម្ពស់បំណិនសតវត្សទី២១ ដល់យុវជនការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការជំរុញការអប់រំឌីជីថលការកែទម្រង់សាលាគរុកោសល្យ ការលើកកម្ពស់សុខភាពសិក្សា និងការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា៕