(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា បន្តអភិវឌ្ឍការអប់រំឌីជីថល សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងបរិការណ៍បរិវត្តកម្មសង្គម និងសេដ្ឋកិច្ចឌីជីថល ដោយត្រូវបន្តធ្វើសមាហរណកម្មវិស័យ បច្ចេកវិទ្យាឌីជីថលទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិតនៃប្រព័ន្ធអប់រំ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះ នៅសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅសាលសន្និសីទវិទ្យាស្ថានបច្ចេកទេសកម្ពុជា។
សូមរំលឹកថា ក្រសួងអប់រំ យុវជន និងកីឡា បានបើកសន្និបាតបូកសរុបការងារ ឆ្នាំចាស់ ឆ្នាំ២០២១-២០២២ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២២-២០២៣ កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ហើយសន្និបាតរបស់ក្រសួងអប់រំ យុវជន និងកីឡានៅឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមប្រធានបទ «បរិវត្តកម្ម នៃវិស័យអប់រំ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ត្រូវបន្តអភិវឌ្ឍការអប់រំឌីជីថលសម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងបរិការណ៍បរិវត្តកម្មសង្គម និងសេដ្ឋកិច្ចឌីជីថល ដោយត្រូវបន្តធ្វើសមាហរណកម្មវិស័យ បច្ចេកវិទ្យាឌីជីថលទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិតនៃប្រព័ន្ធអប់រំ បំពាក់បន្ទប់ពិសោធន៍ឌីជីថល តភ្ជាប់បណ្តាញអគ្គិសនី និងអ៊ីនធើណិតនៅតាមគ្រឹះស្ថានសិក្សា និងលើកកម្ពស់គុណវុឌ្ឍិ និងសមត្ថភាពឌីជីថលដល់គ្រូបង្រៀន ការបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាទៅក្នុងការបង្រៀន និងរៀន ការកែលម្អមាតិកាឌីជីថល និងការបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល និងផ្សព្វផ្សាយវេទិកាឌីជីថលឱ្យកាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ»។
បន្ថែមពីនេះសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងណែនាំឱ្យក្រសួងអប់រំ អនុវត្តឱ្យបានកាន់តែសកម្មលើការងារកាយរឹទ្ធ និងការអភិវឌ្ឍយុវជន ដើម្បីឱ្យកុមារនិងយុវជនមានស្មារតីទទួលខុសត្រូវ មានជំនឿលើសមត្ថភាពរបស់ខ្លួន និងប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម មានសីលធម៌ និងការរស់នៅក្នុងភាពជាពលរដ្ឋល្អ តាមរយៈការបំផុសចលនា «កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ»។
បន្ថែមពីនេះសម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញលើកទឹកចិត្តឱ្យក្រសួងអប់រំបន្តកម្មវិធីយុវជនស្ម័គ្រចិត្តចុះជួយដល់មូលដ្ឋាននៅតាមសហគមន៍ ព្រមទាំងបន្តបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់ដល់ យុវជន សំដៅឆ្លើយតបបានទៅនឹងឱកាសការងារ និងភាពរឹងមាំនៃកោសិកាសង្គមផងដែរ៕
<