(ភ្នំពេញ)៖ ក្នុងចំណោមអនុសាសន៍ចំនួន៦ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដាក់ចេញឲ្យក្រសួងអប់រំ យុវជន និងកីឡាបន្តអនុវត្តន៍ក្នុងនោះមានអនុសាសន៍មួយ គឺសម្តេចជំរុញឲ្យក្រសួងបន្តលើកកម្ពស់សុខភាពអនាម័យ និងអាហារូបត្ថម្ភ នៅតាមសាលារៀន។

ជាមួយជាមួយគ្នានេះ សម្តេចជំរុញឲ្យមានការរៀបចំបន្ទប់សុខភាពស្តង់ដារបរិស្ថាន សាលារៀនបៃតង សាលាស្អាតគ្មានសំរាម លើកកម្ពស់ការ ប្រើប្រាស់ទឹកស្អាត និងអនាម័យ ផ្តោតលើទឹកទទួលទាន កន្លែងលាងដៃ បង្គន់អនាម័យផងដែរ។

ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសអញ្ជើញបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នៅសាលសន្និសីទវិទ្យាស្ថានបច្ចេកទេសកម្ពុជា (តិចណូ)។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «បន្តលើកកម្ពស់សុខភាពអនាម័យ នៅតាមគ្រឹះស្ថានសិក្សា ត្រៀមវិធានការឆ្លើយតប និងចូលរួមទប់ស្កាត់ភ្លាមៗ និងបង្កើនការអប់រំអំពីសុវត្ថិភាពសុខភាពសិក្សា សុវត្ថិភាពចំណីអាហារដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស កែលម្អហេដ្ឋា រចនាសម្ព័ន្ធសុខភាព ដូចជារៀបចំបន្ទប់សុខភាពស្តង់ដារបរិស្ថាន សាលារៀនបៃតង សាលាស្អាតគ្មានសំរាម លើកកម្ពស់ការ ប្រើប្រាស់ទឹកស្អាត និងអនាម័យផ្តោតលើទឹកទទួលទាន កន្លែងលាងដៃ បង្គន់អនាម័យ លើកកម្ពស់អាហារូបត្ថម្ភ ដោយផ្តោតលើសុវត្ថិភាពចំណីអាហារ និងការផ្តល់អាហារតាមសាលារៀន ការអប់រំអំពីសុខភាពសិក្សា ការហាត់ប្រាណ និងលេងកីទ្បា»។

លើសពីនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យក្រសួងអប់រំ អនុវត្តឱ្យកាន់តែសកម្មលើការងារកាយរឹទ្ធ និងការអភិវឌ្ឍយុវជន ដើម្បីឱ្យកុមារ និងយុវជនមានស្មារតីទទួលខុសត្រូវ មានជំនឿលើសមត្ថភាពរបស់ខ្លួន និងប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម មានសីលធម៌ និងការរស់នៅក្នុងភាពជាពលរដ្ឋល្អ តាមរយៈការបំផុសចលនា «កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ»

សម្តេចក៏បានជំរុញលើកទឹកចិត្ត ឱ្យបន្តកម្មវិធីយុវជនស្ម័គ្រចិត្តចុះជួយដល់មូលដ្ឋាននៅតាមសហគមន៍ ព្រមទាំងបន្តបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់ដល់ យុវជន សំដៅឆ្លើយតបបានទៅនឹងឱកាសការងារ និងភាពរឹងមាំនៃកោសិកាសង្គម។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ក្រសួងអប់រំ បន្តលើកកម្ពស់វិស័យកីឡា ដើម្បីកសាងមនុស្សគ្រប់រូបឱ្យមានសុខភាព និងសុខុមាលភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម មានវិន័យ មានស្មារតីក្រុមគំនិតច្នៃប្រឌិត និងមានការតស៊ូស្វិតស្វាញសំដៅដណ្ដើម បានលទ្ធផលល្អប្រសើរក្នុងការប្រកួតកីឡាលើឆាកអន្តរជាតិ និង មានជីវភាពស្របតាមពាក្យស្លោក «កីឡារស់ប្រកបដោយសុខដុមរមនា ក្នុងសង្គមក្រោមម្លប់សន្តិភាព» ព្រមទាំងបន្តជំរុញចលនា «យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត»

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួង និងដៃគូអភិវឌ្ឍបានរួមគ្នាសម្រេចកិច្ចការធំៗគួរឱ្យកត់សម្គាល់ ដូចជា ការធានាបាននូវការសិក្សារៀនសូត្ររបស់កុមារ សិស្ស និស្សិត និងការបណ្តុះបណ្តាលជំនាញ ដល់យុវជនទាំងជំនាញរឹង និងជំនាញទន់ និងមានវិសាលភាព គ្របដណ្តប់នៅទូទាំងប្រទេស។
លោកបន្តថា ក្រសួងបានយកចិត្តទុកដាក់អនុវត្តវិធានការលើកកម្ពស់ គុណភាពអប់រំ ដោយផ្តោតលើការកែទម្រង់សាលាគរុកោសល្យ ការលើកកម្ពស់សមត្ថភាព គ្រូឧទ្ទេស និងការរិះរកវិធីសាស្ត្របង្រៀន តាមបែបថ្មីដែលអាចឆ្លើយតបបានតាមតម្រូវការ និង លក្ខណៈសម្បត្តិអ្នកសិក្សា នៅក្នុងបរិបទនៃសកលភាវូបនីយកម្មឌីជីថល ជាពិសេសការយក ចិត្តទុកដាក់លើសុខភាពសិក្សារបស់សិស្សានុសិស្ស និស្សិត និងបុគ្គលិកអប់រំ ក្នុងដំណាក់ កាលនៃការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ។

លោកបន្ថែមថា ក្រសួងបានអនុវត្តសកម្មភាពអប់រំ បណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពដល់យុវជន តាមគ្រប់រូបភាព ដើម្បីឆ្លើយតបនឹងតម្រូវការរបស់យុវជន ទាំងតម្រូវការការសិក្សា ការបណ្តុះ បណ្តាល កិច្ចការសង្គម ការចូលរួមក្នុងការងារស្ម័គ្រចិត្ត ការបណ្តុះស្មារតីសហគ្រិនភាព ការថែទាំសុខភាព ការយល់ដឹងពីបរិស្ថាន កសិកម្ម និងទេសចរណ៍ និងការយល់ដឹងពីការគ្រោះថ្នាក់ ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន និងការជួញដូរមនុស្សជាដើម៕