(ហ្សាការតា)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ បានទទួលជួបពិភាក្សាការងារជាមួយ លោក សៃតូ កែន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន តាមរយៈអនឡាញ។
ជំនួបពិភាក្សាគ្នានេះ បានធ្វើឡើងនៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ដោយមានការចូលរួមពី លោក គីយ៉ា ម៉ាសាហ៉ីកូ ឯកអគ្គរាជទូតជប៉ុន ប្រចាំអាស៊ានផងដែរ។
នៅក្នុងជំនួបនោះ អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូអាស៊ាន-ជប៉ុន ហើយភាគីទាំងពីរ បានពិភាក្សារកវិធីដើម្បីពង្រឹងកិច្ចសហប្រតបត្តិការរវាងអាស៊ាន និងជប៉ុន ជាពិសេសនៅក្នុងវិស័យយុត្តិធម៌ និងនីតិរដ្ឋ។
ភាគីទាំងពីរក៏បានពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីយុត្តិធម៌អាស៊ាន-ជប៉ុន ពិសេស ដែលគ្រោងធ្វើឡើងនៅដើមខែកក្កដា ឆ្នាំ២០២៣ ក្នុងប្រទេសជប៉ុនផងដែរ៕