(ភ្នំពេញ)៖ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ នឹងឈានចូលមកដល់ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីសូត្រមន្ត ការសម្តែងរបាំត្រុដិ ដើម្បីបណ្តេញគ្រោះឧបទ្រពចង្រៃឆ្នាំចាស់ និងរបាំជូនពរឆ្នាំថ្មី ។
លោករដ្ឋមន្ត្រី បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី សូមប្រោះព្រំប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហារប្រសើរ និងជួយតាមថែរក្សាបីបាច់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់ ដើម្បីចូលរួមបម្រើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឲ្យទទួលបានជោគជ័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕