(ភ្នំពេញ)៖ បច្ចុប្បន្នប្រទេសកម្ពុជា កំពុងតែមានការរីកចំរើន និងអភិវឌ្ឍន៍ខ្លាំងទៅ លើវិស័យអចលនទ្រព្យ ហើយដើម្បីពង្រឹងចំណេះដឹង ចែករំលែកបទពិសោធន៍ រវាងគ្នានិងគ្នាដែរនោះ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានរៀបចំនូវប្រកួតប្រជែងជ្រើសរើស ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យឆ្នើមលើកទី១ នៅមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-កូរ៉េ។
លោក គីម ហ៊ាង ប្រធាន CVEA និង អគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត បានឲ្យដឹងថា គោលបំណងដែលលោករៀបចំកម្មវិធីនេះឡើង ព្រោះនៅក្នុងសមាគម មានក្រុមហ៊ុន ដីធ្លីជាច្រើន ហើយចំណេះដឹងក៏មានកំរិត ដូច្នេះចង់ឲ្យមានការជួបជុំគ្នាបែបនេះ ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ឈានដល់ការសិក្សាវគ្គបណ្តុះបណ្តាលជំនាញ វាយតម្លៃអចលនទ្រព្យ នៅខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ។
លោកបានបន្តទៀតថា នៅខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ សមាគមនឹងបើកវគ្គសិក្សាមួយទាក់ទង និងការសិក្សាក្នុងវិស័យដីធ្លី ព្រោះថា នៅក្នុងប្រទេសកម្ពុជាមិនទាន់មាន សាលាទាក់ទងនឹងរឿងដីធ្លី នៅឡើយទេ ដូច្នេះទាមទារឲ្យមានវគ្គបណ្តុះបណ្តាល។
លោកក៏បានបន្ថែមទៀតថា ការបង្កើតវគ្គសិក្សានេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតំរូវឲ្យសមាគម ជាអ្នករៀបចំឲ្យមានវគ្គសិក្សានេះឡើង ព្រោះថានៅពេលអនាគត រាល់បុគ្គលទាំងឡាយ ដែលប្រឡូកក្នុងវិស័យដីធ្លី ទាំងផ្នែកវាយតម្លៃ ទិញលក់ ត្រូវតែមានវិញ្ញាបនបត្រ ឆ្លងកាត់នៅការសិក្សា ដែលរៀបចំឡើងដោយសមាគម។
លោក គីម ហ៊ាន បានឲ្យដឹងទៀតថា ដើម្បីក្លាយខ្លួន ទៅជាអ្នកវាយតម្លៃអាជីព គឺយើងត្រូវមានកត្តា៣ យ៉ាងដូចជាកត្តាទី១-ចំណេះដឹង ដោយយ៉ាងហោចណាស់ អ្នកវាយតម្លៃត្រូវបញ្ចប់ ថ្នាក់បរិញ្ញាបត្រ នូវជំនាញទាក់ទង និងសេដ្ឋកិច្ច ពាណិជ្ជកម្ម ច្បាប់ និងទាក់ទងខាងសំណង់ជាដើម។ កត្តាទី-២ បុគ្គលត្រូវមានចំណេះដឹងខាងផ្នែកដីធ្លី គឺបុគ្គលម្នាក់ៗ ត្រូវចូលរួមសិក្សាទាក់ទងនឹងរឿងដីធ្លី និងវាយតម្លៃ ដែលរៀបចំឡើងដោយសមាគម ទោះបីជាពួកគេមានសញ្ញាបត្រជំនាញផ្សេងក៏ដោយ និង កត្តាទី៣ ភាសាបរទេស និងមានបទពិសោធន៍។
លោកបញ្ជាក់ទៀតថា ប្រសិនបើចង់ឲ្យក្រុមហ៊ុនដីធ្លី មានលំនឹងគ្រប់ក្រុមហ៊ុនទាំងអស់ ត្រូវមានសេវាកម្ម៣ផ្នែក ទី-១ផ្នែកទិញលក់, ទី២ ផ្នែកវាយតម្លៃ និងទី៣ ផ្នែកគ្រប់គ្រងអចលនទ្រព្យ។ ផ្នែកគ្រប់គ្រងអចលនទ្រព្យ គឺជាផ្នែកមួយដែលមានវិជ្ជាជីវៈខ្លាំង ហើយជាកម្រិតអន្ដរជាតិ៕