(ភ្នំពេញ)៖ នៅសៀលថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលសន្និសីទវិទ្យាស្ថានបច្ចេកទេសកម្ពុជា។
សូមរំលឹកថា ក្រសួងអប់រំ យុវជន និងកីឡា បានបើកសន្និបាតបូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០២១-២០២២ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២២-២០២៣ កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។ សន្និបាតរបស់ក្រសួងអប់រំ យុវជន និងកីឡានៅឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «បរិវត្តកម្ម នៃវិស័យអប់រំ»។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានឱ្យដឹងថា ក្នុងគោលបំណងឆ្លើយតបទៅនឹងការធ្វើបរិវត្តកម្មក្នុងវិស័យអប់រំ ព្រមទាំងឆ្លើយតបនឹងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញកន្លងមកផងនោះ សន្និបាតអប់រំនៅឆ្នាំនេះ បានសម្រិតសម្រាំងខ្លឹមសារ និងជ្រើសរើសយកប្រធានបទសំខាន់ៗចំនួន១១ រួមមាន៖ ទី១) ដំណើរឆ្ពោះទៅកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣, ទី២) ការគាំពារ និងការអភិវឌ្ឍកុមារតូចតាមគ្រប់រូបភាព, ទី៣) វិធានការស្តារការខាតបង់ការសិក្សាក្រោយការរីករាលដាលជំងឺកូវីដ១៩, ទី៤) ការអប់រំបរិស្ថានបៃតង, ទី៥) កំណែទម្រង់សាលារៀន, ទី៦) កំណែទម្រង់សាលាគរុកោសល្យ, ទី៧) ការគ្រប់គ្រងការផ្លាស់ប្តូរនៅក្នុងស្ថាប័ន, ទី៨) ការផ្សារភ្ជាប់មធ្យមសិក្សានឹងឧត្តមសិក្សា, ទី៩) អក្ខរកម្មជាស្ពានឆ្ពោះទៅរកជំនាញមុខរបរ និងការសិក្សាបន្ត, ទី១០)បំណិនសតវត្សរ៍ទី២១សម្រាប់យុវជន, និងទី១១) ការលើកកម្ពស់សុខភាពសិក្សា។
លោករដ្ឋមន្ត្រី បានបន្ថែមថា គោលបំណងសំខាន់នៃសន្និបាតអប់រំក្នុងឆ្នាំនេះ ក៏ដើម្បីបូកសរុបលទ្ធផលកំណែទម្រង់វិស័យអប់រំ ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅនេះ ជាពិសេសការអនុវត្តកំណែទម្រង់សាលារៀន និងគ្រឹះស្ថានឧត្តមសិក្សា ដើម្បីលើកកម្ពស់គុណភាពអប់រំ និងដាក់ចេញនូវរបៀបវារៈបន្តកំណែទម្រង់វិស័យអប់រំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងដំណាក់កាលថ្មីខាងមុខ ព្រមទាំងត្រៀមអនុវត្តប្រព័ន្ធថវិកាផ្តោតលើសមិទ្ធកម្ម ជាពិសេស ដោយផ្តោតលើការពង្រឹងសមត្ថភាពស្ថាប័ន និងប្រព័ន្ធអប់រំទាំងមូល។
លោករដ្ឋមន្ត្រី បានអះអាងថា រយៈពេល១០ឆ្នាំ នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ក្រសួងនិងអ្នកពាក់ព័ន្ធបានរួមគ្នាសម្រេចកិច្ចការធំៗ គួរឱ្យគត់សម្គាល់ដូចជា៖ ការបង្កើនការចូលរៀនប្រកបដោយសមធម៌នៅគ្រប់ភូមិសិក្សា ជាពិសេសការអប់រំមូលដ្ឋានរយៈពេល ៩ឆ្នាំ តាមរយៈការបង្កលក្ខណៈសម្បត្តិអនុគ្រោះឱ្យកូនចៅប្រជាជនដែលជួបការលំបាកមានលទ្ធភាពចូលរៀន និងរៀនបន្ត, ការពង្រឹងអភិបាលកិច្ចនៅតាមគ្រឹះស្ថានសិក្សា, ការដោះស្រាយការខាតបង់ការសិក្សាក្នុងបរិបទកូវីដ១៩, និងការបង្កើនអាហារូបករណ៍សម្រាប់សិស្ស និងនិស្សិតមកពីគ្រួសារក្រីក្រ។ ក្រសួងបានសម្រួចវិធានការលើកកម្ពស់គុណភាព និងភាពឆ្លើយតបរបស់សេវាអប់រំ តាមរយៈការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន និងការលើកទឹកចិត្ត ព្រមទាំងបង្កើនស្វ័យភាព គណនេយ្យភាព និងភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេវាអប់រំគ្រប់លំដាប់ថ្នាក់។
ខាងក្រោមនេះ ជាសមិទ្ធផលការងារសំខាន់ៗ ដែលក្រសួងអប់រំ យុវជន និងកីឡាសម្រេចបានក្នុងឆ្នាំសិក្សា ២០២១-២០២២ កន្លងទៅ៖
១៖ ការអប់រំ
គិតត្រឹមឆ្នាំសិក្សា ២០២២-២០២៣ សាលាមត្តេយ្យសិក្សា និងគ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាធារណៈ សហគមន៍ និងឯកជនសរុប ១៨,៨៣០ ក្នុងនោះ ក្នុងនោះសាលាមត្តេយ្យសិក្សាគ្រប់រូបភាព ៨,៦០៧សាលា សាលាបឋមសិក្សា ៨,០៦៧សាលា អនុវិទ្យាល័យ ១,៣៤០សាលា និងវិទ្យាល័យ ៨១៦សាលា។
សិស្សចំណេះទូទៅសរុប ៣,៦៧៦,៥៧៥នាក់ សិស្សស្រី ៤៩.៧ភាគរយ ក្នុងនោះសិស្សមត្តេយ្យសិក្សាបានទទួលសេវាអប់រំគ្រប់រូបភាពមាន ៣៨០,៧៨៨នាក់ ស្រី ៥០.១ភាគរយ។ សិស្សបឋមសិក្សាសរុប ២,២០០,០២១នាក់ ស្រី ៤៨ភាគរយ។ សិស្សមធ្យមសិក្សាបឋមភូមិសរុប ៦៩៤,១៦១នាក់ ស្រី ៥២.២ភាគរយ។ សិស្សមធ្យមសិក្សាទុតិយភូមិសរុប ៤០១,៦០៥នាក់ ស្រី ៥៤.៤ភាគរយ ។
គ្រឹះស្ថានអប់រំបច្ចេកទេស និងវិជ្ជាជីវៈមានចំនួន ១៩កន្លែង មានសិស្សសរុប ៣,២៥៩នាក់ ស្រី ៣៥,៦ភាគរយ និងគ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេសមាន ១៣២ ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ៤៨ និងឯកជន ៨៤ ដែលមានទីតាំងស្ថិតនៅ ២០រាជធានីខេត្ត។ និស្សិតកំពុងសិក្សានៅឧត្តមសិក្សាសរុប ២០៥,៦៣៦នាក់ ស្រី ៤៧.៥ភាគរយ។
បេក្ខជនមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ១២៥,៧៣៥នាក់ ស្រី ៥៣,៨ភាគរយ បេក្ខជនប្រឡងជាប់សរុប ៩០,៩៥០នាក់ ស្មើ ៧២,៣៣ភាគរយ ក្នុងនោះបេក្ខជននិទ្ទេស A មាន ១,០៤៩នាក់ ស្រី ៥៥២នាក់។ បុគ្គលិកអប់រំសរុប ១២៥,៥៩៧នាក់ ស្រី ៤៧,០៨ភាគរយ ក្នុងនោះបុគ្គលិកនៅថ្នាក់ ជាតិ ៥,០៧៨ នាក់ ស្រី ៣៤,៨ភាគរយ និងថ្នាក់ក្រោមជាតិ ១២០,៥១៩នាក់ ស្រី ៤៧,៦ភាគរយ។
២៖ ការងារអភិវឌ្ឍយុវជន
ក្រសួងបានពង្រីករចនាសម្ព័ន្ធក្រុមប្រឹក្សាអភិវឌ្ឍយុវជន ៣៣ក្រសួង ស្ថាប័ន និង ២៥រាជធានីខេត្ត ដែលជាយន្តការគាំទ្រ និងជាផែនទីបង្ហាញផ្លូវ ដើម្បីប្រមូលផ្ដុំកម្លាំងចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ និងការយកចិត្តទុកដាក់លើការអភិវឌ្ឍយុវជន។
ក្រសួងបានសិក្សាស្រាវជ្រាវ និងបោះពុម្ពផ្សព្វផ្សាយ «សន្ទស្សន៍ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា», «របាយការណ៍ស្តីពីការវិភាគស្ថានភាពយុវជនកម្ពុជា» ព្រមទាំងបានបង្កើតប្រព័ន្ធព័ត៌មានគ្រប់គ្រងយុវជន និងកម្មវិធីក្នុងទូរស័ព្ទវៃឆ្លាតមានឈ្មោះថា «សុខភាពយុវជន» ដើម្បីជាមូលដ្ឋានទទួលព័ត៌មានអំពីតម្រូវការយុវជននៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ក្រសួងបានធ្វើវិសោធនកម្មធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរបស់កាយរឹទ្ធិជាតិកម្ពុជា តាមរយៈការរៀបចំមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជា និងបានរៀបចំផែនការយុទ្ធសាស្ត្រ កាយរឹទ្ធិជាតិកម្ពុជាឆ្នាំ ២០២៣-២០២៧។
ក្រសួងបានបណ្តុះបណ្តាលបំណិនសតវត្សរ៍ទី២១ ដល់យុវជនបានចំនួន ៤៨,៥៦៧នាក់ ស្រី ៤៩ភាគរយ ក្នុងគោលដៅផ្តល់ជំនាញមួយយ៉ាងតិចប្រចាំជីវិតដល់យុវជន។
ក្រសួងបានពង្រីកដំណើរការពេញលេញរបស់ក្រុមប្រឹក្សាកុមារកម្ពុជា នៅតាម ៨,៩៥៤ គ្រឹះស្ថានសិក្សា ត្រូវជា ៤៥,០៤៤សាខា, ២៥៨,១៥០អនុសាខា និងមានសមាជិក ១,៥៧៦,៦៨៦ នាក់ ស្រី ៥១.៤ភាគរយ, និងបានដំណើរការរបស់ក្រុមប្រឹក្សាយុវជនកម្ពុជានៅតាម ៥៩៣គ្រឹះស្ថានសិក្សា ត្រូវជា ៨,៨៥៨សាខា, ៥៣,១៤៨អនុសាខា និងមានសមាជិក ៣៦០,៦១៧ ស្រី ៥៤.៤ភាគរយ ព្រមទាំងបានជំរុញចលនាប្រឡងប្រណាំង៣ល្អ «កូនល្អ សិស្សល្អ មិត្តល្អ» និងផ្តល់ពានរង្វាន់ឆ្នើមប្រចាំឆ្នាំចំនួន ១,៦៩៦នាក់ ស្រី ៤៩ភាគរយ។
ក្រសួងបានបង្កើនសមាជិកកាយរឹទ្ធិជាតិកម្ពុជា ១៧៥,០០០នាក់ ស្រី ៤៩ភាគរយ ក្នុងនោះកាយរឹទ្ធិប្អូន ១៧,៦២៣នាក់, កាយរឹទ្ធិជំទង់ ១២០,២២៩នាក់ កាយរឹទ្ធិរៀមច្បង ២១,៥១៤នាក់, មេដឹកនាំកាយរឹទ្ធិ ១៣,១៩៧នាក់, និងសមាជិកកិត្តិយស ២,៣៣៧នាក់ នៅតាមគ្រឹះស្ថានសិក្សា និងសហគមន៍ ដើម្បីឱ្យក្លាយជាពលរដ្ឋមានទំនួលខុសត្រូវ ជាពលរដ្ឋសកល និងជាពលរដ្ឋសកម្មក្នុងសហគមន៍រស់នៅរបស់ពួកគេ។
ក្រសួងបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្តែនៅមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ឱ្យក្លាយជាមជ្ឈមណ្ឌលយុវជនគំរូ និងបានជួសជួលមជ្ឈមណ្ឌលយុវជនខេត្តកណ្តាល ស្វាយរៀង និងខេត្តព្រះវិហារ បាត់ដំបង ព្រមទាំងបញ្ចូលកម្មវិធីសិក្សាពេញមួយជីវិតដល់មជ្ឈមណ្ឌលយុវជនចំនួន ៥ខេត្ត រួមមានខេត្តតាកែវ ស្វាយរៀង កំពង់ចាម កំពង់ធំ និងកំពង់ឆ្នាំង ព្រមទាំងបានផ្ដល់ឱកាសដល់យុវជនចូលរួម ៤១,៤៦៩នាក់ ស្រី ៤៧,៥ភាគរយ និងបានអនុវត្តគម្រោងសហគមន៍ ៦១គម្រោង ដើម្បីពង្រឹងសមត្ថភាពជាដឹកនាំ អភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការពារ រាល់សមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្រសួងបានរៀបចំកម្មវិធីសំខាន់ៗមួយចំនួន ដើម្បីផ្ដល់ភាពអង់អាច និងការចូលរួមរបស់យុវជនដូចជា ១) កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២) កម្មវិធីយុវជន២១ «សហគ្រិនបែបឌីជីថល» ៣) កម្មវិធីធុរកិច្ចជាតិសម្រាប់យុវជន ៤) កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ៥)សិក្ខាសាលាផ្លាស់ប្តូរបទពិសោធលើបំណិនបច្ចេកវិទ្យាព័ត៌មាននិងឌីជីថល (JoTa-JoTi) ៦) កម្មវិធីអ្នកនាំសារសន្តិភាពដើម្បីសហគមន៍ខ្ញុំ ៧) កម្មវិធីស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ៨) កម្មវិធីការប្រកួតប្រជែងផែនការអាជីវកម្ម ៩) កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត និង(១០) កម្មវិធីអក្ខរកម្មឌីជីថល ជាពិសេសក្នុងឆ្នាំ២០២២ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្រសួងអប់រំ យុវជន និងកីឡាក្នុងនាមសសរស្តម្ភសង្គម-វប្បធម៌អាស៊ានបានផ្តួចផ្តើមរៀបចំ សេចក្ដីថ្លែងការណ៍រួមរបស់ថ្នាក់ដឹកនាំអាស៊ានស្ដីពីឆ្នាំនៃយុវជនអាស៊ាន ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ និងបានរៀបចំកម្មវិធីយុវជនអាស៊ានចំនួន ៥ ដូចជា៖ (១) កិច្ចសន្ទនាយុវជនអាស៊ានលើកទី១ (២) ការប្រកួតវីដេអូយុវជនអាស៊ានលើកទី៦ (៣) ការប្រកួតរូបថតយុវជនអាស៊ាន (៤) ការប្រកួតជជែកដេញដោលយុវជនអាស៊ាន និង(៥) ជំនួបថ្នាក់ដឹកនាំកំពូលអាស៊ាន ជាមួយតំណាងដែលកម្មវិធីទាំងអស់នេះបាននិងរួមចំណែកយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍយុវជនអាស៊ាន បំណិនសតវត្សរ៍ទី២១ ដល់យុវជនកម្ពុជា និងយុវជនក្នុងតំបន់អាស៊ាន។
៣៖ ការងារអប់រំកាយ និងកីឡា
ក្រសួងបានរៀបចំការប្រកួតកីឡាជាតិលើកទី៣ និងការប្រកួតកីឡាជនពិការជាតិលើកទី១ ប្រកបដោយជោគជ័យ។ ក្រសួងបានសហការរៀបចំការប្រកួតកីឡាជាលក្ខណៈអន្តរជាតិនៅក្នុងប្រទេស លទ្ធផលកម្ពុជាទទួលបានមេដាយមាស ៣គ្រឿង, មេដាយប្រាក់ ៣គ្រឿង, និងមេដាយសំរឹទ្ធិ១៣គ្រឿង។ ក្រសួងបានបញ្ជូនកីឡាករទៅចូលរួមការប្រកួតកីឡាលក្ខណៈអន្តរជាតិ នៅក្រៅប្រទេសលើ ៤៥ប្រភេទកីឡា និងទទួលបានមេដាយ ១,៣៧០គ្រឿង ក្នុងនោះមេដាយមាស ៣២៦ គ្រឿង, មេដាយប្រាក់ ៣៦៣គ្រឿង, និងមេដាយសំរឹទ្ធិ ៦៨១គ្រឿង។
ចំពោះការចូលរួមប្រកួតជើងឯកពិភពលោក កម្ពុជាទទួលបានមេដាយមាស ៣៩គ្រឿង, មេដាយប្រាក់ ៥២គ្រឿង, និងមេដាយសំរឹទ្ធិ ៦៥គ្រឿង។ ការប្រកួតជើងឯកអាស៊ី កម្ពុជាទទួលបានមេដាយមាស ៧៧គ្រឿង,មេដាយប្រាក់ ៧៧គ្រឿង, និងមេដាយសំរឹទ្ធិ ១២៧គ្រឿង៕