(ហាណូយ)៖ ក្រសួងការបរទេសវៀតណាមបានផ្ញើកំណត់ទូតមួយទៅកាន់ក្រសួងការបរទេសថៃ ជុំវិញការចោទ ប្រកាន់ថាអាជ្ញាធរថៃ បានបាញ់ប្រហារមកលើទូកនេសាទវៀតណាម ខណៈដែលមានករណីនេសាទខុសច្បាប់កើត ឡើងនៅក្នុងដែនទឹករបស់ថៃនោះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦។
យោងតាមការលើកឡើងរបស់ស្ថានទូតវៀតណាមប្រចាំប្រទេសថៃ បានឲ្យដឹងថាកងទ័ពជើងទឹកថៃ បានបើកការ បាញ់ប្រហារមកលើទូកនេសាទវៀតណាមមួយគ្រឿង ដែលមានកម្មករសរុប ១៨នាក់ ដែលបានបណ្តាលបណ្តាលឲ្យ ២នាក់រងរបួស និង ម្នាក់ទៀតបាត់ខ្លួន ក្នុងចំណោមពួកគេទាំងអស់។ ដោយឡែកទូកនេសាទរបស់វៀតណាមចំនួន ពីរគ្រឿង ក៏ត្រូវបានទូកល្បាតថៃបុកពន្លិច នៅក្នុងប្រតិបត្តិការដេញចាប់នោះផងដែរ។
ក្រសួងការបរទេសវៀតណាមបានលើកឡើងទៀតថា អ្នកនេសាទដែលបានទទួលរងរបួសទាំងពីរនាក់នោះ គឺទីមួយ មានឈ្មោះថា Nguyen Van Teo អាយុ ២៨ឆ្នាំបានរងគ្រាប់ចំជើងស្តាំ និងម្នាក់ទៀតគឺឈ្មោះ Nguyen Van Linh អាយុ ២៥ឆ្នាំបានរងគ្រាប់ចំស្មា ខណៈម្នាក់ទៀតបាត់ខ្លួន ដែលទំនងជាបានធ្លាក់ទៅក្នុងទឹកសមុទ្រ។ វៀតណាម បានលើកឡើងថា ទោះបីជាទូកវៀតណាមប្រព្រឹត្តបទល្មើសក៏ដោយ ប៉ុន្តែការបាញ់ប្រហារមកលើទូកនេសាទរបស់ បរទេសពីសំណាក់អាជ្ញាធរថៃបែបនេះ គឺជារឿងខុសច្បាប់និងការអនុវត្តរបស់អន្តរជាតិសុទ្ធសាធ។
គួរបញ្ជាក់ថា អ្នកនេសាទជនជាតិវៀតណាមសរុប ២៩នាក់ត្រូវបានកងកម្លាំងជើងទឹកនៃប្រទេសថៃ ចាប់ខ្លួនបន្ទាប់ពី ទូករបស់ពួកគេបានចូលមកធ្វើការនេសាទក្នុងដែនទឹកឈូងសមុទ្រថៃ ដោយខុសច្បាប់ ហើយក៏បានធ្វើការពន្លិចទូក នេសាទចំនួនពីរគ្រឿងដែលរឹបអូសបាននោះចោលថែមទៀត។ ការចាប់ខ្លួនអ្នកនេសាទខាងលើនេះ បានធ្វើឡើងនៅ តំបន់កៀកនឹងទីតាំងរុករកឧស្ម័ន Muda A ដែលមានចម្ងាយ ២០គីឡូម៉ែត្រនៃភាគឦសាន ជាតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ប្រទេសថៃ ដោយទូកល្បាតរបស់ថៃពីរគ្រឿងបានចេញ ប្រតិបត្តិការចំពេលដែលទូកនេសាទវៀតណាម កំពុងលួចធ្វើការនេសាទខុសច្បាប់កាលពីថ្ងៃអាទិត្យនោះតែម្តង។
កងទ័ពជើងទឹកថៃ បានធ្វើការសួរចម្លើយអ្នកបើកបរទូកនេសាទវៀតណាមតំណាក់កាលដំបូងឲ្យដឹងថា ពួកគេបាន ធ្វើដំណើរពីខេត្ត Ca Mau របស់ប្រទេសវៀតណាម ចូលមកកាន់ដែនទឹកប្រទេសថៃនេះដើម្បីធ្វើការនេសាទត្រី។ នៅថ្ងៃចាប់បាននោះ អាជ្ញាធរថៃក៏បានធ្វើការពន្លិចទូកនេសាទវៀតណាម ដែលខ្លួនរឹបអូសបានចំនួនពីរគ្រឿងផងដែរ។ ហើយដោយឡែកអ្នកនេសាទ ២៩នាក់ ត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានទ័ពជើងទឹក Songkhla ដើម្បីត្រៀមចាត់ការ ទៅតាមនីតិវិធីច្បាប់របស់ថៃ៕