(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ មានពលករខ្មែរមានក្មេងមានចាស់ យុវជន យុវនារី ធ្វើការនៅប្រទេសថៃរាប់រយនាក់ បានសម្រុកត្រឡប់មកប្រទេសកម្ពុជាវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីមកចូលឆ្នាំថ្មីនៅស្រុកកំណើត។
លោក គៀត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ចាប់ពីខែមេសា ឆ្នាំ២០២៣នេះ មានពលករខ្មែរទាំងប្រុសទាំងស្រីរាប់រយនាក់ បានចាប់ផ្តើមនាំគ្នាសម្រុកចេញពីប្រទេសថៃ ចូលមកស្រុកខ្មែរវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីមកលេងចូលឆ្នាំថ្មីនៅស្រុកកំណើតវិញនេះមិនគិតពីការធ្វើដំណើរចេញតាមច្រករបៀងនោះផងនោះទេ។
លោក គៀត ហ៊ុល បានបញ្ជាក់ទៀតថា ការវិលត្រឡប់ចេញពីប្រទេសថៃរបស់ពលករខ្មែររយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ភាគច្រើនមានប៉ាស្ទ័រស្ទើ, បណ្ណស្នាក់នៅ និង Border Pass ទាំងអស់គ្នា ហើយពលករទាំងអស់នេះ កំពុងអង្គុយចាំវៃប៉ាស្ទ័រ និង Border Pass ដើម្បីវិលចូលមកស្រុកកំណើតវិញ។
លោកបញ្ជាក់បន្តទៀតថា ពលករដែលវិលត្រឡប់មកស្រុកកំណើតវិញនោះ មានជាង៥ពាន់នាក់ ហើយចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣មកម្ល៉េះ ដែលការធ្វើដំណើរ គឺចាប់ពីព្រឹកម៉ោង ៧រហូតដល់ម៉ោង ១២យប់ឯណោះ ទើបមានការបិទច្រកទ្វារអន្តរជាតិតែម្ដង។
ដោយឡែក លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ពលរដ្ឋខ្មែរ ដែលមកពីប្រទេសថៃ អាជ្ញាធរខេត្ត អាជ្ញាធរក្រុង និងមន្ត្រីអន្តោប្រវេសន៍ បានប្រមូលពួកគាត់ឲ្យនៅក្នុងមណ្ឌលសំចតមួយរយៈដើម្បីរង់ចាំត្រួតពិនិត្យលើបញ្ហាសុខភាពពីសំណាក់លោកគ្រូពេទ្យសិន មិនឲ្យធ្វើដំណើរផ្ដេសផ្ដាសនោះឡើយ ព្រោះខ្លាចពួកគាត់ផ្ទុកនូវមេរោគកូវីដ យកទៅចម្លងដល់ក្រុមគ្រួសារ ដែលនៅឯស្រុកកំណើតរបស់ខ្លួន។ ដូច្នេះត្រូវតែដាក់ពួកគាត់នៅដោយឡែកមួយរយៈ រង់ចាំឲ្យគ្រូពេទ្យពិនិត្យសុខភាពរបស់ពួកគាត់ បើសិនពុំមានបញ្ហាសុខភាពទេ អាជ្ញាធរនឹងឲ្យត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្តិភាពផងដែរ៕