(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹងស្តីពី ការដាក់ពាក្យសុំច្បាប់ឈប់ពិសេសសម្រាប់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
តាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា អនុលោមតាមមាត្រា២៥ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងប្រការ ៤.៣ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ តម្រូវឱ្យមន្ដ្រីរាជការស៊ីវិល មន្ត្រីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងបព្វជិតសាសនា ដែល មានបំណងឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេស ឬលាចាកសិក្ខាបទរហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាស្ថាពរយ៉ាងតិច ៧ថ្ងៃមុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត។
ហេតុដូច្នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមជូនដំណឹងដល់គ្រប់គណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះទាំងអស់ឱ្យបានជ្រាបថា ការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល ១៥ថ្ងៃ នៅ គ.ជ.ប គិតចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៨ ខែឧសភា ឆាំ្ន២០២៣ ក្នុងករណីមានបេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយ៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ គ.ជ.ប៖