(សៀមរាប)៖ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ អាជ្ញាធរខេត្តសៀមរាប ចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកាមួយចំនួនដល់កងទ័ពប្រចាំសមរភូមិមុខ យោធភូមិភាគទី៤ ប្រចាំទិសទី២ និងអង្គភាពវរៈសេនាតូចលេខ១ ចំណុះតំបន់ប្រតិបត្តិការសឹករងសៀមរាប ឈរជើងតំបន់អូរកូនតឹង ស្ថិតភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប តំបន់ព្រៃស្អាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ក្នុងពិធីសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ដល់កងទ័ពនេះដែរ ដឹកនាំដោយលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត រួមទាំងលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ។

មានប្រសាសន៍សំណេះសំណាលជាមួយនាយទាហាន និងពលទាហាន ក្នុងឱកាសប្រជាជនកម្ពុជា បាននិងកំពុងរៀបចំទទួលសាទរទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ខាងមុខ លោក ទៀ សីហា បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើ សាកសួរសុខទុក្ខពី សំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដ៏ដូចសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ ដែលតែងតែនឹកគិតដល់បងប្អូនជានាយទាហាន ពលទាហាននៅសមរភូមិមុខ អំពីសុខភាព និងជីវភាពរស់នៅរបស់បងប្អូនកងយោធពលខេមរភូមិន្ទ។

លោក ទៀ សីហា ក៏បានធ្វើការក្រើនរំលឹកដល់នាយទាហាន ពលទាហានទាំងអស់ ដោយបញ្ជាក់ថា ទោះបីប្រទេសជាតិយើងមានសុខសន្តិភាពពិតប្រាកដមែន តែសូមបងប្អូនត្រូវយកចិត្តទុកដាក់ ក្នុងការហ្វឹកហាត់ឲ្យបានជាប្រចាំ នូវយុទ្ធវិធី យុទ្ធសាស្រ្តរបស់កងទ័ព។ ម៉្យាងទៀត ទោះបីស្ថានការណ៍នៅតាមបណ្តោយព្រំដែន បានប្រែក្លាយជាព្រំដែនអភិវឌ្ឍន៍ក៏ដោយ ក៏ត្រូវត្រៀមលក្ខណៈនៅគ្រប់វិនាទី ក្នុងការជួយអន្តរាគមន៍ នូវពេលមានសភាពការណ៍ណាមួយកើតឡើង។

លោកបានបញ្ជាក់ថា ការចុះសួរសុខទុក្ខកងទ័ពប្រចាំសមរភូមិមុខ យោធភូមិភាគទី៤ ប្រចាំទិសទី២ និង អង្គភាពវរៈសេនាតូចលេខ១ ចំណុះតំបន់ប្រតិបត្តិការសឹករងសៀមរាប ត្រូវបានអាក់ខានក្នុងការចុះសួរសុខទក្ខកងទ័ពជាងបីឆ្នាំ ដោយបញ្ហាជម្ងឺកូវិដ-១៩ តែចំពោះកិច្ចទំនាក់ទំនង និងសហប្រតិបត្តិការបានល្អនឹងគ្នា ដោយវរៈសេនាតូចលេខ១ ស្ថិតក្រោមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។ លោកក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើបញ្ហាសុខភាព អនាម័យ និងធ្វើការកសាងជម្រកក្នុងអង្គភាព ព្រមទាំងធ្វើការដាំដុះដំណាំ បន្លែបង្កា និងចិញ្ចឹមសត្វ ដើមី្បផ្គត់ផ្គង់ជីវភាពកងទ័ព ក្នុងអង្គភាព និងគ្រួសារកងទ័ព សំខាន់លើការគ្រប់គ្រង និងថែរក្សានូវគ្រឿងបំពាក់សម្ភារៈ កងទ័ពឲ្យបានល្អ ក្នុងការទ្រទ្រង់នៅពេលមានសភាពការណ៍ណាមួយកើតឡើង។

ម៉្យាងទៀតដែរ កងកម្លាំងទាំងអស់កុំជឿតាមពាក្យឃោសនារបស់ក្រុមអកតិមួយចំនួននៅក្រៅប្រទេស តាមប្រព័ន្ធសង្គម ដែលបង្កឲ្យកងកម្លាំង និងរាជរដ្ឋាភិបាលកម្ពុជា បែកបាក់កម្លាំងសាមគ្គី ព្រមទាំងបន្តគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីអាណត្តិទី៧ និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពជានាយករដ្ឋមន្ត្រីទៀតផង។

លោកបានសំណូមពរដល់កងកម្លាំងទាំងអស់ ក្រៅពីភារកិច្ចការពារជាតិ កងទ័ព ក៏មានភារកិច្ចមួយទៀត ក្នុងការចូលរួមការពារមូលដ្ឋាន ភូមិឃុំមានសុវត្ថិភាព ជាពិសេសក្នុងឱកាស បុណ្យចូលឆ្នាំប្រពៃណីយ៍ខ្មែរ ដែលនឹងឈានមកដល់នៅប៉ុន្មានថ្ងៃទៀតនាពេលខាងមុខនេះ នៅតាមបណ្តាទីវត្តអារាម ក៏ដូចជាទីប្រជុំជននានា ត្រូវចូលរួមសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ដើម្បីការពារសន្តិសុខ រក្សាសណ្ឋាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងពេលកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិរយៈពេល៣ថ្ងៃ ហើយកត្តាសំខាន់ចំពោះមុខ លើការងារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

អំណោយដែលប្រគល់ជូនរួមមាន៖ ទីបញ្ជាការប្រចាំទិសទី២ នៃយោធភូមិភាគទី៤ នូវស្រាបៀរ ៥០កេស ថវិកា ៥លានរៀល មី៤០កេស គោ១ក្បាល និងអង្គភាពវរៈសេនាតូចលេខ១ មានគ្រឿងឧបភោគបរិភោគ ចំនួន ២២មុខ និងថវិកា សរុប ១២លានរៀល ស្រាបៀរ៥០កេស ប្រេងម៉ាស៊ូត ៥០០លីត្រ ពុយដាក់ប្រេង០៥ពុយ និងតង់០១ ក្នុងនោះដែរ បានចែកជូនយោធិនម្នាក់ៗ ៤ម៉ឺនរៀលផងដែរ៕