(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បណ្ឌិត ណុប រតនា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ បានគូសរំលេចថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាអគ្គមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ តែងតែចងចាំជានិច្ចចំពោះគុណបំណាច់របស់អតីតយោធិន ដែលបានធ្វើពលីកម្មចំពោះជាតិមាតុភូមិ។
នាយឧត្តមសេនីយ៍ ណុប រតនា បានគូសបញ្ជាក់បែបនេះ ក្នុងកិច្ចសំណេះសំណាល និងសួរសុខទុក្ខអតីតយោធិនសោធននិវត្តន៍ និងយោធិនពិការ ដែលធ្លាប់បម្រើការងារក្នុងអង្គភាពបញ្ជាការដ្ឋានកាំភ្លើងធំ នាព្រឹកថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣នេះ នៅបញ្ជាការដ្ឋានកាំភ្លើងធំ ក្នុងខេត្តកំពង់ស្ពឺ។
ក្នុងជំនួបសំណេះសំណាលសួរសុខទុក្ខអតីតយោធិនសោធននិវត្តន៍ និងយោធិនពិការក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ នាយឧត្តមសេនីយ៍ ណុប រតនា បានសម្តែងនូវមនោសញ្ចេតនា នឹករលឹក និងការស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះអតីតយោធធិនសោធននិវត្តន៍ និងយោធិនពិការទាំងអស់។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ជូនចំពោះអតីតយោធិនសោធននិវត្តន៍ និងយោធិនពិការទាំងអស់ ដែលបានចូលរួមក្នុងពិធីសំណេះសំណាល។
ជាមួយគ្នានោះ នាយឧត្តមេនីយ៍ បានរំលឹកដល់គំរូវីរភាពដ៏អង់អាចរបស់អតីតយោធិន និងយោធិនពិការ ដែលបានរួមសុខរួមទុក្ខជាមួយគ្នាលើសមរភូមិ ដើម្បីបុព្វហេតុជាតិ មាតុភូមិ។ ជាពិសេសការប្រយុទ្ធការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាននៅតំបន់ប្រាសាទព្រះវិហារ ប្រាសាទតាមន់ និងតាក្របីជាដើម។
នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បណ្ឌិត ណុប រតនា «យើងខ្ញុំមិនដែលភ្លេចទេ ឯកឧត្តម អស់លោក ដែលក្រាញននៀលកន្លងទៅហើយជាមួយយើងខ្ញុំក្នុងលេណ ដ្ឋាន។ ជាពិសេសប្រយុទ្ធនឹងជនបរទេស ដែលឈ្លាន ពាន យើង មិនមែនជារឿង ធម្មតានោះទេ។ ការប្រយុទ្ធនៅសមរភូមិព្រះវិហារ នៅសមរភូមិតាមាន់ តាក្របី គឺឯកឧត្តម អស់លោកទាំងអស់ គឺជាអ្នកប្រយុទ្ធដ៏ស្វិតស្វាញបំផុត។ ការប្រយុទ្ធ របស់ឯកឧត្តម អស់លោក គឺជាញជ័យបំផុត ហើយសម្តេចតែងតែលើកនូវគុណ បំណាច់នេះជាប់ជានិច្ច»។
ក្រៅតែពីរំលឹកដល់គុណបំណាចរបស់អតីតយោធិន និងយោធិនពិការហើយនោះ នាយឧត្តមសេនីយ៍ ណុប រតនា បានគូសរំលេចដែរថា សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់អតីតយោធិន និងណែនាំឱ្យរៀបចំជំនួបសំណេះសំណាល និងសួរសុខទុក្ខអតីតយោធិន។ សម្រាប់នាយឧត្តមសេនីយ៍ ណុប រតនា នេះជាកាយវិការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ចំពោះអតីតយោធិន ក៏ដូចជាយោធិនពិការ ដោយមិនបានបំភ្លេចពួកគាត់ចោលនោះឡើយ។
«សម្តេចតេជោមិនដែលបានភ្លេចឯកឧត្តម អស់លោកម្តងណានោះទេ។ ជា ពិសេសនៅពេលមានបុណ្យទានជាតិម្តងៗ ដូចជាចូលឆ្នាំ បុណ្យភ្ជុំ សម្តេចតេជោ តែងតែអំពាវនាវឱ្យមេបញ្ជាការគ្រប់ថ្នាក់យកចិត្តទុកដាក់អញ្ជើញនិវត្តន៍ជនក្នុងអង្គ ភាពមកជួបជុំគ្នា ដើម្បីបានប្រគល់របស់របរបន្តិចបន្តួច ថវិកាបន្តិចបន្តួច។ ជាពិសេសបានមកឃើញមុខគ្នា មកសួរសុខទុក្ខគ្នា និងផ្តាំផ្ញើនូវការនឹករលឹកពីសម្តេច និងថ្នាក់ដឹកនាំរបស់ក្រសួងការពារជាតិ»។ នេះជាការរំលឹកពីការនឹករលឹក និងការគិតគូររបស់សម្តេចតេជោ ចំពោះអតីតយោធិន និងយោធិនពិការ ពីសំណាក់នាយឧត្តមសេនីយ៍ ណុប រតនា។
ការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំរបស់អង្គភាព គឺការផ្តល់នូវកម្លាំងចិត្តដ៏ខ្លាំងក្លាសម្រាប់កងទ័ព ដែលបានបញ្ចប់ការងារពីអង្គភាព។
លោក សួស ធា អាយុ ៦៣ឆ្នាំ បានចូលបម្រើកងទ័ពតាំងពីឆ្នាំ១៩៨៤មកម្ល៉េះ។ ក្នុងជីវិតជាកងទ័ព លោក សួស ធា បានប្រយុទ្ធលើសមរភូមិជាច្រើន រួមទាំងសមរភូមិនៅប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងតាក្របីផងដែរ។ លោក សួស ធា បានចូលនិវត្តន៍នៅឆ្នាំ២០២១។
បើទោះបីត្រូវចូលនិវត្តន៍លោក សួស ធា ក៏នៅតែមានអារម្មណ៍រីករាយ និងកក់ក្តៅ ដោយទទួលបានការយកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួងការពារជាតិ។ ជាពិសេសនាយឧត្តមសេនីយ៍ ណុប រតនា មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ។
លោក មាស សុផន អាយុ ៦៧ឆ្នាំ ជាយោធិនពិការ។ លោក បានចូលបម្រើទ័ពតាំងពីឆ្នាំ១៩៧៨ ហើយបានចូលនិវត្តន៍នៅឆ្នាំ២០២១។ បើទោះបីចាកចេញពីអង្គភាព តែលោក មាស សុផន នៅតែមានអារម្មណ៍កក់ក្តៅ ដោយទទួលបានការគិតគូរ ការនឹករលឹកពីសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំអង្គភាព។
សូមបញ្ជាក់ថា ក្រៅតែពីកិច្ចសំណេះសំណាល និងសាកសួរសុខទុក្ខហើយនោះ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បណ្ឌិត ណុប រតនា ក៏បានរៀបចំនូវអំណោយមួយចំនួនរួមមានអង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ ខោអាវ និងថវិកាមួយចំនួនផងដែរ៕