(កណ្ដាល)៖ យុវជន៦នាក់ ក្នុងចំណោមបក្ខពួក១០នាក់ ត្រូវកម្លាំងនគរបាលនៃអធិការនគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនបន្ទាប់ព្រួតវាយលើយុវជន២នាក់ បណ្តាលឱ្យរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចខាងមុខហាងកាហ្វេ អេហ្សូតិច ស្ថិតនៅក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៦និង៣០នាទី។

ជុំវិញករណីនេះ លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ករណីនេះបង្កអំពើហិង្សានេះដោយសារតែភាគីយុវជន១០នាក់ បានគំនុំជាមួយភាគីរងគ្រោះ។ ដោយយុវជនម្នាក់ ក្នុងចំណោម៦នាក់ ត្រូវបានដោះលែងវិញដោយសារតែមានអាយុតិច ខណៈកម្លាំងសមត្ថកិច្ចកំពុងតាមចាប់ខ្លួនបក្ខជនបង្កចំនួន៤នាក់ទៀតផងដែរ។

ប្រភពពីសមត្ថកិច្ចបានរៀបរាប់ថា កាលពីវេលាកើតហេតុខាងលើ ក្រុមជនរងគ្រោះបានជិះម៉ូតូមកលេងបាតម្សៅនិងគប់ទឹកនៅចំណុចខាងលើ ជួនពេលនោះក៏ជួបនឹងក្រុមជនសង្ស័យក៏បាននាំគ្នាមកលេងបាតម្សៅ និងគប់ទឹកផងដែរ។ តែពេលនោះ ក្រុមជនសង្ស័យបានស្គាល់មុខក្រុមជនរងគ្រោះថាធ្លាប់វាយក្រុមរបស់ខ្លួនពីមុនមក ទើបកើតជាទំនាស់គ្នាឡើង ដោយក្រុមជនសង្ស័យមានគ្នាច្រើនបាននាំគ្នាដកខ្សែក្រវាត់ មួកការពារ និងដុំថ្មព្រួតវាយទៅជនរងគ្រោះចំនួន២នាក់បណ្តាលឱ្យជនរងគ្រោះម្នាក់បែកក្បាលខាងក្រោយ និងម្នាក់ទៀតពកក្បាល ចំណែកក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនអស់ទៅ។

ប្រភពបានបន្តថា ក្រោយកើតហេតុរួចក៏ត្រូវសមត្ថកិច្ចក្រុងតាខ្មៅ ចេញអត្តរាគមន៍ដេញចាប់ខ្លួនបានជនសង្ស័យចំនួន ៦នាក់បញ្ជូនមកកាន់អធិការដ្ឋានដើម្បីសាកសួរ និងចាត់ការតាមនីតិធីតែម្តង។ ប៉ុន្តែដោយសារម្នាក់មានអាយុក្មេងពេក ព្រះរាជអាជ្ញាឱ្យដោះលែងវិញ។

ជនរងគ្រោះ០២នាក់

ទី១៖ ឈ្មោះ គួរ គីមសេង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ភ្នំពេញ មានរបួសស្នាមពកក្បាល។

និងទី២៖ ឈ្មោះ ញ៉ៅ និធិ ភេទប្រុស អាយុ១៣ឆ្នាំ ស្នាក់នៅភូមិសន្សំកុសល២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ មានរបួសស្នាមរយះក្បាលខាងក្រោយ។

បច្ចុប្បន្ន ក្រុមយុវជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕