(កំពង់ស្ពឺ)៖ ពិតជាធ្វេសប្រហែសមែនសម្រាប់ នគរបាលខេត្តកំពង់ស្ពឺ ដោយសារតែពេលបើករថយន្តនាំខ្លួនមេក្លោង ធ្លាប់ធ្វើសកម្មភាពប្លន់ប្រដាប់អាវុធ ជាច្រើនករណី ក្នុងខេត្តកំពង់ស្ពឺ ត្បូងឃ្មុំ និងជាអ្នកជួញដូរកាំភ្លើងផងនោះ ទៅគាស់យកកាំភ្លើងមួយចំនួនផ្សេងទៀត នៅកន្លែងដែលជនសង្ស័យបានលាក់ទុកនៅក្នុងព្រៃ តែជាការចៃដន្យ នៅពេលរថយន្តកំពុងធ្វើដំណើរ បែរជាត្រូវបែក កង់កណ្ដាលព្រៃ ហើយពេលនោះ ជនសង្ស័យ បានលួចចុះពីរថយន្តរត់គេចខ្លួន ចូលក្នុងព្រៃបាត់ ទាំងដៃទាំងពីរត្រូវបានជាប់ខ្នោះ។
ជនសង្ស័យខាងលើមានឈ្មោះ តឹក សំអុល អាយុ៣២ឆ្នាំ រស់នៅភូមិដំបងវេញ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលត្រូវបាននគរបាលនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺ និងកម្លាំងនគរបាលខេត្តត្បូងឃ្មុំ ឃាត់ខ្លួនបានកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ។ ថ្លែងពីកន្លែងកើតហេតុ លោក សម សាក់ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពង់ស្ពឺ ជាអ្នកដឹកនាំកម្លាំងសមត្ថកិច្ច នាំជនសង្ស័យទៅគាស់កាំភ្លើងបានប្រាប់ថា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានដឹកជនសង្ស័យឈ្មោះ តឹក សំអុល ខាងលើនេះ នាំទៅគាស់កាំភ្លើងដែលជនសង្ស័យ បានសារភាពប្រាប់សមត្ថកិច្ច តែជាអកុសលរថយន្តរបស់នគរបាលខេត្ត ត្រូវបានបែកកង់ នៅកណ្ដាលផ្លូវ ត្រង់ចំណុចភូមិអាញ្ញានសេះ ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក៏ត្រូវបានជនសង្ស័យ ចុះរត់ចូលព្រៃក្បែរនោះគេចខ្លួនបាត់ ទាំងដៃជាប់ខ្នោះ ខណៈដែលនគរបាលឈរយាម មានការភ្លេចខ្លួនតែបន្តិច។ នាយការិយាល័យបានបន្តថា បានមួយសន្ទុះជនសង្ស័យ បានបើកទ្វាររថយន្តរត់យ៉ាងលឿនចូលព្រៃ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានដេញតាមប្រកៀកប្រកិត តែមិនទាន់ ហើយម៉្យាងទៀត ចំណុចនោះជាព្រៃក្រាស់ដែលធ្វើឱ្យជនសង្ស័យងាយគេចខ្លួនបំផុត។ ភ្លាមៗកម្លាំងជាច្រើនមានទាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល កម្លាំងយោធា បានដាក់ពង្រាគ្នាព័ទ្ធស្ទាក់ពេញព្រៃ និងបន្ថែមកម្លាំងនគរបាលប៉ុស្តិ៍ស្រុក ជាច្រើនទៀត ដើម្បីតាមចាប់ជនកំហូចនោះមកវិញ។ លោក សម សាក់ បានបញ្ចាក់ថា នៅម៉ោង១២ថ្ងៃត្រង់ដដែល កម្លាំងបានប្រទះជនសង្ស័យដែលដៃត្រូវដោះខ្នោះជាស្រេច ដោយគ្រាន់តែឃើញនគរបាលប៉ុស្តិ៍ភ្លាម ជនសង្ស័យបានរត់តម្រង់មកបម្រង់ចង់ដណ្តើមកាំភ្លើងពីសមត្ថកិច្ចទៅវិញ ពេលនោះកម្លាំងនគរបាលបានបាញ់ឡើងលើជាច្រើនគ្រាប់ (មិនហ៊ានបាញ់តម្រង់ខ្លាចចំគ្នាឯង) ទើបជនសង្ស័យងាករត់ចូលព្រៃវិញ ដោយកម្លាំងនគរបាលបានឡោមព័ទ្ធបន្ថែម តែនៅតែរកមិនឃើញ ហើយមកទល់ពេលនេះ កម្លាំងនៅតែដើរយាមល្បាតតាមគោលដៅ មិនហ៊ានដកចេញទេ។
សូមជម្រាបថា ជនឈ្មោះ តឹក សំអុល ខាងលើនេះ បានបាញ់សម្លាប់ជាងមាសម្នាក់ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ និងមានជាប់ពាក់ព័ន្ធជាមួយអ្នកលក់កាំភ្លើងទាំង៤នាក់ ដែលសមត្ថកិច្ច នៅមិនទាន់បញ្ចេញអត្តសញ្ញាណពិតប្រាកដនៅឡើយទេ រងចាំស៊ើបឲ្យបានច្បាស់ជាមុនសិន ប៉ុន្តែបានបង្ហើបថា អ្នកទាំង៤នោះ មានទី១.ជនសង្ស័យឈ្មោះ (ស.ម) អាយុ៤៨ឆ្នាំ ទីលំនៅភូមិក្រាំងខ្វាវ ឃុំគីរីវន្ត័ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មុខរបរគ្រូបច្ចេកទេសអាវុធ ក្នុងសាលា ACO (រថក្រោះ) ជាអ្នកលក់អាវុធចំនួន៧ដើម ឱ្យទៅជនសង្ស័យ តឹក សំអុល, ទី២. ជនសង្ស័យឈ្មោះ (ឆ ធ ) អាយុ៤៥ឆ្នាំ ទីលំនៅភូមិផ្សារកន្ទួត ឃុំសង្កែកំពត ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មុខរបរសន្តិសុខផ្សារ ជាសហចារីក្នុងសកម្មភាពប្លន់, ទី៣.ជនសង្ស័យឈ្មោះ (យ វ ) អាយុ៣៧ឆ្នាំ ទីលំនៅភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាសហចារីក្នុងសកម្មភាពប្លន់ដែរ, និងទី៤.ជនសង្ស័យឈ្មោះ (ភ យ ) ប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មុខរបបប្រជាការពារភូមិ ជាអ្នកចូលរួមបាញ់សម្លាប់ជនរងគ្រោះកន្លងមក៕