(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងពីការប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ និងអំពាវនាវឱ្យរោងចក្រ សហគ្រាសចូលរួមក្នុងទិវាពិភពលោកនេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ និងរំលឹកដល់វិញ្ញាណក្ខន្ធកម្មករនិយោជិត ដែលបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅលើពិភពលោក។
ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៨ ខែមេសា ជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកនៃអង្គការអន្តរជាតិខាងការងារ។
នេះជាឆ្នាំទី១៨ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមប្រធានបទ បរិយាកាសការងារ ប្រកបដោយសុវត្ថិភាព និងសុខភាពការងារ គឺជាសិទ្ធិ និងគោលការណ៍គ្រឹះនៅកន្លែងធ្វើការ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដោយមានអ្នកចូលរួមមកពីស្ថាប័នពាក់ព័ន្ធ តំណាងនិយោជក តំណាងសហជីព និងកម្មករនិយោជិតសរុប១៣០០នាក់។
ដើម្បីរួមចំណែកក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ និងបង្ការគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ ជាយថាហេតុដល់កម្មករនិយោជិត សូមម្ចាស់ឬនាយករោងចក្រ សហគ្រាសទាំងអស់ ដែលបានបោះទីតាំងនៅកម្ពុជា ត្រូវរៀបចំចងបដាពាក្យស្លោកមួយចំនួននៅតាមរបងខាងមុខរោងចក្រ សហគ្រាស ដើម្បីចូលរួមអបអរសាទរទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ មានដូចខាងក្រោម៖
១. អបអរសាទរទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ២៨ មេសា
២. បរិយាកាសការងារប្រកបដោយសុវត្ថិភាព និងសុខភាពការងារ គឺជាសិទ្ធិ និងគោលការណ៍ជាមូលដ្ឋាននៅកន្លែងធ្វើការ
៣. ធ្វើសកម្មភាពរួមគ្នាដើម្បីកសាងវប្បធម៌សុវត្ថិភាព និងសុខភាពការងារជាវិជ្ជមាន
៤. ត្រូវរៀបចំឱ្យមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅគ្រប់កន្លែងធ្វើការ
៥. មានសុវត្ថិភាពការងារ គឺគ្មានគ្រោះថ្នាក់ការងារ
៦. ធានាឱ្យគ្រប់កន្លែងការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជាមានសុវត្ថិភាពល្អ
៧. រួមគ្នាកាត់បន្ថយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ
៨. ជីវិតរបស់ខ្ញុំ ការងាររបស់ខ្ញុំ និងការងារប្រកបដោយសុវត្ថិភាពរបស់ខ្ញុំ
៩. ការងារសមរម្យ គឺជាការងារប្រកបដោយសុវត្ថិភាព។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសង្ឃឹមយ៉ាងមុតមាំថា មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត សមាគមនិយោជក និងម្ចាស់ ឬនាយក ព្រមទាំងសហព័ន្ធសហជីពនៃរោងចក្រ សហគ្រាសទាំងអស់នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់៕