(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានក្រើនរំលឹកដល់កងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវវិន័យ មានសាមគ្គីភាពផ្ទៃក្នុងល្អ អនុវត្តឱ្យខាងតែបាននូវអនុសាសន៍ «៣កុំ» ជាពិសេសពេលចុះបំពេញការងារ រៀបចំសណ្តាប់ធ្នាប់ ត្រូវប្រកាន់ខ្ជាប់នូវតួនាទីភារកិច្ចរបស់យើង គឺទន់ភ្លន់ តែម៉ឺងម៉ាត់។

បានដាស់តឿនក្រើន រំលឹកនេះនៅគ្រាដែលលោកអភិបាលខណ្ឌជួបសំណេះសំណាល និងឧបត្ថម្ភថវិកា ភេសជ្ជៈ ដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌជាង៥០នាក់ កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ។

ថ្លែងទៅកាន់កម្លាំងសណ្តាប់ខណ្ឌ លោកអភិបាលខណ្ឌ បានបញ្ជាក់អត្ថន័យ «៣កុំ» ទី១៖ កុំលេងល្បែងស៉ីសងគ្រប់ប្រភេទ, ទី២៖ កុំសេពគ្រឿងញៀន និងទី៣៖ ឈ្លោះទាស់ទែងគ្នា។

នាឱកាសនោះដែរ ចេង មុនីរ៉ា បានថ្លែងថា សូមកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ ត្រូវអនុវត្ត «៣កុំ» ឱ្យបានបើបុគ្គលណាម្នាក់លួចលេងល្បែងស៉ីសង លួចសេពគ្រឿងញៀន ខុសវិន័យកងកម្លាំងត្រូវបញ្ឈប់ពីការងារ។ ចំណុចមួយទៀត កុំឈ្លោះទាស់ទែងគ្នា វាមិនល្អទេធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ។ និយាយរួមត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ មានវិន័យល្អ និងអនុវត្តតាមការណែនាំរបស់អង្គភាព។ ចំណុចសំខាន់មួយទៀត ពេលចុះអនុវត្តការងារត្រូវរក្សាឱ្យបាននូវសេចក្តីថ្លៃថ្នូរកុំប្រើអាកប្បកិរិយាច្រងែង ច្រង៉ាង ឬពាក្យសំដីមិនសមរម្យទៅលើប្រជាពលរដ្ឋ ជាពិសេសពេលចុះរៀបចំ សណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌបានកោតសសើរដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ កន្លងមកបានខិតខំបំពេញការងារយ៉ាងសកម្មក្នុងការការពារសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ ចុះពង្រឹងច្បាប់ចរាចរណ៍ ចូលរួមត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចុះល្បាតតាមមូលដ្ឋាន។ ចំណុចមួយទៀតត្រូវចេះជួយគ្នា ចេះស្រឡាញ់គ្នា ចេះអធ្យាស្រ័យឱ្យគ្នាចេះសន្តោសប្រណីឱ្យគ្នាទៅវិញទៅមក និងចេះជួយយកអាសារគ្នា៕