(ភ្នំពេញ)៖ ជនជាតិជប៉ុន១៩នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ធ្វើការបណ្ដេញចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសដើមវិញ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ បន្ទាប់ពីចាប់ខ្លួនពាក់ព័ន្ធការចូលមកស្នាក់នៅធ្វើការដោយខុសច្បាប់ក្នុងប្រទេសកម្ពុជា។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានអគ្គនាយកដ្ឋានអន្ដោ​ប្រវេសន៍ ក៏បានដាក់បំរាមហាមឃាត់ជនជាតិជប៉ុនទាំង១៩នាក់នេះ មិនឲ្យចូលប្រទេសកម្ពុជា រយៈពេល៣ឆ្នាំផងដែរ។

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងដែរថា ពួកគេត្រូវបានចាប់ខ្លួនកាលពីចុងខែមករា ឆ្នាំ២០២៣កន្លងទៅ ក្នុងភូមិសាស្ដ្រខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានបណ្ដឹងតាមរយៈ HOTLINE របស់អគ្គស្នងការដ្ឋាននគរបាលជាតិ៕