(ភ្នំពេញ)៖ ក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដឹកនាំដោយលោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ បានសួរសុខទុក្ខនាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងការពារជាតិ។
នាឱកាសនោះដែរលោក ចាយ បូរិន បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចអនុប្រធានគណបក្ស លោកស្រីដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះនាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត និងក្រុមគ្រួសារ។
នាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត និងលោកស្រី បានថ្លែងថា៖ «គ្រួសារយើងខ្ញុំមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា ដោយមិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ ហើយយើងខ្ញុំសូមគោរពថ្លែងអំណរគុណជាអនេក និងសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចពញាចក្រី ហេង សំរិន សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន សម្តេច លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានចាត់លោក ចាយ បូរិន ជាតំណាងដឹកនាំប្រតិភូមកសួរសុខទុក្ខខ្ញុំ និងក្រុមគ្រួសារដល់លំនៅដ្ឋាន»។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ពីការបន្តគាំទ្រចំពោះបេក្ខភាព សម្តេចតេជោ ជានាយករដ្ឋមន្ត្រី និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីបន្តវេននាពេលអនាគត។
នាយឧត្តមសេនីយ៍ ក៏បានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយដោយក្តីស្រឡាញ់រាប់អានជាទីបំផុត និងសូមកោតសរសើរដោយស្មោះចំពោះយុវជនគណបក្សថ្នាក់កណ្តាល ក្រោមការដឹកនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ទាំងក្នុងនិងក្រៅប្រទេស និងបានលើកទឹកចិត្តដល់យុវជនគណបក្សថ្នាក់កណ្តាលទាំងអស់ នូវទស្សន់មួយចំនួនដូចជា៖
ទី១៖ ត្រូវរួបរួមសាមគ្គី ឯកភាពឱ្យបានរឹងមាំ មិនរើសអើង និងជួយគ្នាគ្រប់កាលៈទេសៈ
ទី២៖ ត្រូវមានគុណធម៌ ព្រហ្មវិហារធម៌ មានអត្តចរិកល្អប្រពៃ គោរពវិន័យ គោរពការចាត់តាំងដោយស្មារតីទទួលខុសត្រូវខ្ពស់ និងស្មោះត្រង់ជាមួយប្រជាជន ពិសេសថ្នាក់ដឹកនាំគណបក្ស
ទី៣៖ ត្រូវមានមនសិការជាតិ ពង្រឹងឆន្ទៈសេ្នហាជាតិ ឯកភាពជាតិ
ទី៤៖ ត្រូវថែទាំសុខភាពឱ្យបានល្អ និងពង្រីកសមត្ថភាព បង្កើនចំណេះដឹង ចំណេះធ្វើ រិះរកបទពិសោធន៍ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមយុគសម័យឌីជីថល និងបច្ចេកវិទ្យាឧស្សាហកម្ម ៤.០។
ប្រធានប្រតិភូ បានសម្តែងការកោតសរសើរ ចំពោះវិរភាពដ៏អង់អាចក្លាហានរបស់នាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត ដែលបានចូលរួមបម្រើកងទ័ពនៅកងពលធំលេខ៩ ឆ្នាំ១៩៧០ តាមការអំពាវនាវរបស់សម្តេចឪព្រះនរោត្តម សីហនុ ជាទីគោរព សក្ការៈនៃយើង វាយរបបរដ្ឋប្រហារ លន់ នល់។
នាយឧត្តមសេនីយ៍ បានចេញទៅប្រទេសវៀតណាមនៅខែកុម្ភៈ ឆ្នាំ១៩៧៤ បានផ្ទេរមកអង្គភាពកងពលធំលេខ៤៧៨ នៅខែវិច្ឆិកា ឆ្នាំ១៩៧៨ បានរៀបចំនិងបានចូលរួមកម្លាំងចលនាតស៊ូរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ វាយរំដោះប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃ ៧ មករា ១៩៧៩ ហើយទទួលដំណែងជាបន្តបន្ទាប់ ជាអនុប្រធានស្នងការចាត់តាំង និងកម្មាភិបាលកងទ័ព ជាអនុព័ន្ធយោធាអមស្ថានទូតកម្ពុជា ប្រចាំប្រទេសវៀតណាម ជាប្រធានអគ្គស្នងការនយោបាយ ជាប់ឆ្នោតជាសមាជិកមជ្ឈឹមបក្សប្រជាជនបដិវត្តកម្ពុជា ជាប់ឆ្នោតជាសមាជិកគណៈត្រួតពិនិត្យមជ្ឈឹមបក្ស អនុរដ្ឋមន្ត្រីក្រសួង ការពារប្រទេស ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ទីប្រឹក្សាសម្តេចធម្មពោធិសាល ជា ស៊ីម ប្រតិបត្តិករអនុវត្តនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ទីប្រឹក្សាក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ និងជារដ្ឋលេខាធិការក្រសួងការពារជាតិ រហូតមកដល់បច្ចុប្បន្ន។
ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ លោក ចាយ បូរិន ព្រមទាំងសមាជិក សមាជិកា ប្រតិភូបានប្រគល់ជូនវត្ថុអនុស្សារីយ៍ និងថវិកា ជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់នាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធក្នុងលោក ពិសេសទេវតាឆ្នាំថ្មី ព្រះនាមកិមិរាទេវី បុត្រីទី៦ នៃកបិលមហាព្រហ្ម ដែលនឹងឈានមកផ្លាស់វេនរក្សាលោកនាពេលខាងមុខនេះ សូមតាមជួយបីបាច់រក្សានាយឧត្តមសេនីយ៍ មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ៕