(ហ្សាការតា, ឥណ្ឌូណេស៊ី)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ដែលត្រូវបានចូលកាន់តំណែងជាផ្លូវការ កាលពីពេលថ្មីៗនេះ បានទទួលជួបពិភាក្សា ជាមួយថ្នាក់ដឹកនាំបរទេសមួយចំនួនជាបន្ដបន្ទាប់។

ជាក់ស្ដែង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ គឹមហួន បានជួបជាមួយភ្ញៀវបរទេស ចំនួន៥កម្មវិធីផ្សេង រួមមាន៖

*ទី១៖ លោកបណ្ឌិត កៅ គឹមហួន បានទទួលជួបពិភាក្សាការងារជាមួយលោក Werner Isaac Vargas Torres អគ្គលេខាធិការ នៃប្រព័ន្ធសមាហរណកម្មអាមេរិកកណ្តាល (SICA) តាមរយៈអនឡាញ។ នៅក្នុងជំនួបនោះ អគ្គលេខាធិការអាស៊ាន បានបញ្ជាក់ឡើងវិញពីការត្រៀមខ្លួនរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការធ្វើការយ៉ាងជិតស្និទ្ធិជាមួយ SICA ដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនងរវាងអាស៊ាន និង SICA សម្រាប់ជាផលប្រយោជន៍ ទៅវិញទៅមក។ ភាគីទាំងពីរ ក៏បានលើកឡើងអំពីវិស័យនៃកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន ដែលរួមមាន ការអប់រំ ទេសចរណ៍ និងកិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ ១៩ ជាដើម។

*ទី២៖ លោកបណ្ឌិត កៅ គឹមហួន បានទទួលជួបពិភាក្សាការងារជាមួយលោក តិនហ្ស៊ិន ឡេកផែល អគ្គលេខាធិការ នៃគំនិតផ្តួចផ្តើមឆ្នេរសមុទ្របេងហ្កាល់ សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចពហុវិស័យ (BIMSTC) ដែលជាអង្គការតំបន់មួយបង្កើតឡើងក្នុងឆ្នាំ១៩៩៧ ខណៈដែលគណៈប្រតិភូលេខាធិការដ្ឋាន BIMSTEC កំពុងធ្វើទស្សនកិច្ចសិក្សានៅលេខាធិការដ្ឋានអាស៊ាន ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។
នៅក្នុងជំនួបនោះ លោកបណ្ឌិត កៅ គឹមហួន បានសំដែងការស្វាគមន៍គណៈប្រតិភូ BIMSTEC ដែលចាប់អារម្មណ៍ក្នុងការផ្លាស់ប្តូរបទពិសោធន៍ ជាមួយលេខាធិការដ្ឋានអាស៊ាន ហើយបានស្នើឱ្យ BIMSTEC ធ្វើការសិក្សាស្វែងយល់បន្ថែមអំពីយន្តការរបស់អាស៊ាន ក៏ដូចជារិះរកកិច្ចសហការរួមគ្នានៅពេលអនាគត។

*ទី៣៖ នៅរសៀលថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ គឹមហួន បានទទួលជួបពិភាក្សាការងារជាមួយ លោក អ៊ែររិន ខូណែលលី មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកនយោបាយអាស៊ីអាគ្នេយ៍ និងគោលនយោបាយ ការបរទេស សម្រាប់វិទ្យាស្ថានអន្តរជាតិសិក្សាយុទ្ធសាស្ត្រ (IISS)។

នៅក្នុងជំនួបនោះភាគីទាំងពីរ បានធ្វើការផ្លាស់ប្តូរមតិ ស្តីពីការវិវត្តន៍នៅក្នុងតំបន់ និងពិភពលោក ព្រមទាំងបានពិភាក្សាអំពីការត្រៀមរៀបចំ សម្រាប់កិច្ចសន្ទនាសាំងគ្រីឡាលើកទី២០ ដែលគ្រោងប្រព្រឹត្តទៅដើមខែមិថុនា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី។

*ទី៤៖ លោកបណ្ឌិត កៅ គឹមហួន បានទទួលជួបពិភាក្សាការងារជាមួយលោក ជេហ្វ មើកឡេ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក។ នៅក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាផ្សេងៗ ដែលកំពុងកើតមានឡើង នៅក្នុងតំបន់ និងពិភពលោក ជាពិសេស ធ្វើយ៉ាងណាឱ្យតំបន់កាន់តែមានសន្តិភាព និងវិបុលភាព។ អគ្គលេខាធិការអាស៊ាន បានបញ្ជាក់ថា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ក្នុងនាមជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ។

*ទី៥៖ លោកបណ្ឌិត កៅ គឹមហួន បានទទួលជួបពិភាក្សាការងារជាមួយលោក តឹង ស៊ីជុន ប្រេសិតពិសេសជនជាតិចិន ទទួលបន្ទុកកិច្ចការអាស៊ី។ នៅក្នុងជំនួបនោះ លោកបណ្ឌិត កៅ គឹមហួន បានគូសបញ្ជាក់ឡើងវិញពីការ ត្រៀមខ្លួនរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងដៃគូសន្ទនាអាស៊ាន រួមទាំងប្រទេសចិន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ។ ភាគីទាំងពីរ ក៏បានពិភាក្សា និងបានផ្លាស់ប្តូរមតិស្តីពី កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន។

សូមជម្រាបថា លោក កៅ គឹមហួន ត្រូវបានតែងតាំងជាអគ្គលេខាធិការអាស៊ាន ជំនួសលោក លឹម ចុកហ៊យ ដែលចប់អាណត្តិ ពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកស្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៉ី។

ក្នុងពិធីនេះ មានការចូលរួមពីតំណាងអចិន្ត្រៃយ៍ប្រទេសសមាជិកអាស៊ានទាំង១០ និងឯកអគ្គរដ្ឋទូតប្រទេសមិនមែនអាស៊ាន ចំនួន៩៧ប្រទេស បណ្តាញសារព័ត៌មានអន្តរជាតិចំនួន១១ និងអង្គភាពអាស៊ាននានា ដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតា ចំនួន៦។

តាមមាត្រា ១១ នៃធម្មនុញ្ញអាស៊ានបានឱ្យដឹងថា អគ្គលេខាធិការអាស៊ាន ត្រូវជ្រើសរើសចេញពីក្នុងចំណោមជនជាតិនៃរដ្ឋសមាជិកអាស៊ាន ផ្អែកទៅលើការប្ដូរវេនគ្នាតាមលំដាប់អក្ខរក្រមនៃឈ្មោះរដ្ឋសមាជិក ដោយពិចារណាល្អិតល្អន់ទៅលើសុច្ចរិតធម៌ សមត្ថភាព បទពិសោធន៍វិជ្ជាជីវៈ និងសមភាពយេនឌ័រ៕