(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំលើកទី១ នៃគណៈកម្មការតម្រង់ទិសកម្មវិធីប្រចាំប្រទេស (Country Programme Steering Committee - CPSC) ក្រោមក្របខណ្ឌហិរញ្ញប្បទានដោយមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី មកពីក្រសួង-ស្ថាប័ន ដែលកំពុងអនុវត្តគម្រោង និងកម្មវិធី ក្រោមក្របខណ្ឌហិរញ្ញប្បទានដោយ IFAD និងតំណាងមកពីសមាគមកសិករ, ក៏ដូចជាបណ្តាដៃគូអភិវឌ្ឍន៍ ផ្សេងទៀត ដូចជា សហភាពអ៉ឺរ៉ុប (EU), ធនាគារវិនិយោគអ៉ឺរ៉ុប (EIB) និង ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការ (Swiss Agency for Development and Cooperation) ដើម្បីពិនិត្យលើវឌ្ឍនភាព និងបញ្ហាប្រឈមនានានៃការអនុវត្តគម្រោង/កម្មវិធីចំនួន ៥ ដែលកំពុងអនុវត្ត ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានដោយ IFAD។
ជាកិច្ចចាប់ផ្តើម លោក វង្សី វិស្សុត បានថ្លែងអំណរគុណដល់ IFAD ដែលមិនត្រឹម ផ្តល់ហិរញ្ញប្បទានដោយផ្ទាល់ប៉ុណ្ណោះទេ ហើយថែមទាំងជួយកៀរគរហិរញ្ញប្បទាន ពីបណ្តាដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដើម្បីបម្រើដល់ការងារ លើកស្ទួយវិស័យកសិកម្មនៅកម្ពុជា។
ថ្លែងក្នុងកិច្ចប្រជុំ លោកបានបន្តថា ក្នុងរយៈពេលមធ្យម និងវែងទៅមុខ រដ្ឋាភិបាល នៅតែចាត់ទុកកសិកម្ម ជាវិស័យអាទិភាព ដែលមិនអាចខ្វះបាន ក្នុងកិច្ចការងារអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ពោលគឺកសិកម្ម គឺជាវិស័យដែលប្រើប្រាស់ ធាតុចូលក្នុងស្រុកច្រើន ធៀបនឹងវិស័យផ្សេងទៀត ហើយបានដើតួចម្បង ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពរបស់ប្រជាជននៅទីជនបទ។ ទន្ទឹមនេះ ខណៈដែលពិភពលោកជួបវិបត្តិស្បៀងអាហារ កម្ពុជាមិនត្រឹមបានធានា សន្តិស្បៀងរបស់ខ្លួនប៉ុណ្ណេះទេ ប៉ុន្តែថែមទាំងមានអតិរេកនាំចេញផលិតផលកសិកម្មបានជាង ៨លានតោន ទៅដល់គោលដៅ ៧៤ប្រទេសទៀតផង។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ចំពោះមុខសេដ្ឋកិច្ចកម្ពុជា កំពុងប្រឈមនឹងបច្ច័យអវិជ្ជមានធំៗមួយចំនួន ដែលកើតចេញពីបរិការណ៍ ធ្លាក់ចុះនៃសេដ្ឋកិច្ចសកល បន្ទាប់ពីវិបត្តិកូវីដ-១៩ ការកើនឡើងអត្រា អាតិផរណា, ហានិភ័យនៃកង្វះស្បៀង និងការប្រែប្រួលអាកាសធាតុ ក៏ដូចជាជម្លោះនៃភូមិសាស្រ្តនយោបាយ ដែលនាំឱ្យពិភពលោកកំពុងឈាន ទៅកាន់និន្នាការ នៃការប្រះស្រាំ និងការដាច់ចេញពីគ្នា (Fragmentation and De-coupling) កាន់តែខ្លាំង ទាំងកិច្ចការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយ។
តែទោះជាយ៉ាងនេះក្តី យើងនៅឃើញមានកាលានុវត្តភាពមួយចំនួន នៅក្នុងវិស័យកសិកម្ម ដែលយើងអាចចាប់យកមកដោះស្រាយ និងសម្រាលនូវការប៉ះទង្គិចពីកត្តាប្រឈមខាងលើនេះ ក៏ដូចជា កសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ច របស់យើង ឱ្យកាន់តែមានចីរភាព និងភាពធន់ ទល់នឹងភាពមិនប្រកដប្រជា និងវិបត្តិជាយថាហេតុ នៅពេលខាងមុខ។
ក្នុងន័យនេះ ការលើកកម្ពស់ប្រព័ន្ធកសិកម្ម ឱ្យកាន់តែមានភាពរឹងមាំ និងផលិតភាពខ្ពស់ ជាមួយប្រព័ន្ធខ្សែច្រវ៉ាក់តម្លៃ (Value Chain) ប្រកបដោយភាពរស់រវើក ភាពប្រទាក់ក្រឡា និងមានការចូលរួម ពីតួអង្គពាក់ព័ន្ធទាំង នៅតែជាកិច្ចខំប្រឹងប្រែងជាយុទ្ធសាស្ត្ររបស់រដ្ឋភិបាល ក្នុងគោលដៅទាញយកផលប្រយោជន៍ពីវិស័យនេះឱ្យអស់សក្តានុពល និងធ្វើឱ្យប្រព័ន្ធកសិកម្ម កាន់តែមានប្រសិទ្ធិភាព ភាពប្រកួតប្រជែង និងមានពិពិធកម្ម ហើយក្លាយជាជន្ទល់សេដ្ឋកិច្ចមួយដ៏រឹងមាំសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចផង និងព្រមទាំងក្លាយជា ប្រព័ន្ធយុទ្ធសាស្ត្រចាំបាច់របស់កម្ពុជា ក្នុងការគាំទ្រសន្តិសុខស្បៀង ក៏ដូចរហូតដល់សន្តិសុខជាតិផងដែរ។
ផ្អែកលើទិដ្ឋភាពខាងលើ លោក វង្សី វិស្សុត បានគូសរំលេចថា កិច្ចប្រជុំនាពេលនេះ មានបំណងបើកការពិភាក្សា ពិនិត្យ និងវាយតម្លៃជាប្រព័ន្ធ លើវឌ្ឍនភាព សមិទ្ធផលដែលសម្រេចបាន និងបញ្ហាប្រឈម នៃការអនុវត្តគម្រោង និងកម្មវិធីកន្លងមក ដើម្បីប្រមូលជាធាតុចូលសម្រាប់គិតគូរឡើងវិញ ក្នុងការតម្រង់ទិសដៅ និងការរៀបចំក្របខណ្ឌសម្របសម្រួលសហការរវាងក្រសួង-ស្ថាប័ន ទាំងកម្រិតបច្ចេកទេស និងកម្រិតគោលនយោបាយ ពាក់ព័ន្ធនឹងការដឹកនាំ, ការបែងចែកមុខងារភារកិច្ច, និងការរៀបចំប្រព័ន្ធ យុទ្ធសាស្រ្ត និងគោលនយោបាយ ដែលមានភាពច្បាស់លាស់, គ្រប់ជ្រុងជ្រោយ, បំពេញគ្នា (Synergy), និងតាមដំណាក់កាល (Sequencing) ក្នុងគោលដៅធ្វើឱ្យប្រព័ន្ធកសិកម្មកាន់តែមានប្រសិទ្ធភាពជាងមុន, មានភាពប្រកួតប្រជែងជាងមុន, មានពិពិធកម្មជាងមុន និងក្លាយជាប៉ូលសេដ្ឋកិច្ចដ៏រឹងមាំក្នុងការទ្រទ្រង់កំណើនរយៈពេលយូរ។
ទន្ទឹមនេះ កិច្ចប្រជុំនេះ ក៏ជាវេទិកាសម្រាប់សិក្សារៀនសូត្រពីគ្នាទៅវិញទៅមក និងផ្លាស់ប្តូរទស្សនាទាន បទពិសោធន៍ ក៏ដូចជាកត់ត្រានូវមរតកដែលកម្ពុជាទទួលបានពីគម្រោង/ កម្មវិធីរបស់ IFAD ព្រមទាំងដៃគូអភិវឌ្ឍន៍ផ្សេងទៀតផងដែរ។
លោកក៏បានស្នើឱ្យមានការគិតគូររៀបចំកិច្ចប្រជុំកម្រិតទូលាយមួយផ្សេងទៀតសម្រាប់ វិស័យកសិកម្ម ដឹកមុខដោយ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងមានការចូលរួមពីក្រសួង-ស្ថាប័ន, ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ក្នុងវិស័យកសិកម្ម, សហគមន៍កសិកម្ម, វិស័យឯកជន និងក្រុមហ៊ុនកសិឧស្សាហកម្មធំៗ ដើម្បីរៀបចំយុទ្ធសាស្រ្តសម្រាប់រយៈពេលមធ្យម និងវែង ដោយផ្តោតលើភាពប្រកួតប្រជែង និងប្រសិទ្ធភាព និងជាពិសេសលើ ភាពស្រុះគ្នា (Cohesion) និងបំពេញគ្នាទៅវិញទៅមក (Synergy) រវាងគ្រប់តួអង្គនៅក្នុងខ្សែច្រវាក់តម្លៃ (Value Chain) ដោយចាប់ផ្តើមពីដំណាក់កាលធាតុចូល (Input), ផលិតកម្ម (Production), ប្រមូលផល (Harvest) និង ក្រោយប្រមូលផល (Post-Harvest) រហូតដល់ការកែច្នៃ (Processing), ទីផ្សារ (Market) និងការប្រើប្រាស់ (Consumption) ធ្វើយ៉ាងណាឱ្យធានាបាន កម្លាំងប្រកួតប្រជែង, កម្លាំងផលិត, ការធានាស្ថិរភាព និងគុណភាព។
លោកបានសង្កត់ធ្ងន់ផងដែរថា ស្ថាប័នរដ្ឋចាំបាច់ត្រូវតែ៖ ខ្លាំង, ពូកែ និងស្អាតស្អំ ក្នុងការដើរតួជាអ្នកគាំទ្រជាយុទ្ធសាស្រ្ត និងអន្តរាគមន៍ ដើម្បីដោះស្រាយបញ្ហាទីផ្សារ (Market Failure & Distortion) និងបញ្ហារាំងស្ទះ (Bottlenecks) ផ្សេងៗបាន ហើយដើម្បីអាចធ្វើការងារនេះបាន ការអភិវឌ្ឍធនធានមនុស្ស ត្រូវតែជាអាទិភាពដ៏សំខាន់មិនអាចខ្វះបាននៅក្នុងស្ថាប័ននីមួយៗ។
សូមបញ្ជាក់ថា បច្ចុប្បន្ន IFAD បាននិងកំពុងផ្តល់ហិរញ្ញប្បទានដល់គម្រោង/កម្មវិធី ចំនួន ៥នៅកម្ពុជា មានទឹកប្រាក់សរុបប្រមាណចំនួន ២០៣,៦៥ លានដុល្លារអាមេរិក ដែលរួមមាន៖
*ទី១៖ គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (Sustainable Assets for Agriculture Markets, Business and Trade - SAAMBAT)
*ទី២៖ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (Agriculture Services Programme for Innovation, Resilience and Extension - ASPIRE)
*ទី៣៖ កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (Agriculture Services Programme for Inclusive Rural Economy and Agricultural Trade - ASPIRE-AT)
*ទី៤៖ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (Accelerating Inclusive Markets for Smallholders - AIMS)
*ទី៥៖ គម្រោងកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍកសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប (Tonle Sap Poverty Reduction and Smallholder Development Project - TSSD-AF)៕