(ភ្នំពេញ)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឺន ស្រីម៉ាច បាននាំយកថវិកាចំនួន ៧០ម៉ឺនដុល្លារអាមេរិក ប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា។
ស្ថិតក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឺន ស្រីម៉ាច ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០១៨រៀងមក ដែលរហូតមកដល់ឆ្នាំ២០២៣នេះ សរុបថវិកាប្រមាណជាង ៤លានដុល្លារអាមេរិក ។
ទន្ទឹមនឹងនោះ លោកជំទាវ អ៊ុក ម៉ាលី ក៏បានកោតសរសើរពីទឹកចិត្ដសប្បុរស និងជីវិតតស៊ូប្រឹងប្រែងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាពិសេសពីការធ្វើជំនួញប្រកបដោយគុណធម៌។
ស្ថិតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានដល់ក្នុងពេលឆាប់ៗខាងមុខនេះ លោកជំទាវកិត្តិបណ្ឌិត ក៏បានជូនពរដល់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឺន ស្រីម៉ាច ក៏ដូចជាថ្នាក់ដឹកនាំ បុគ្គលិកនៃអ្នកឧកញ៉ា ឡេង ណាវ៉ាត្រាទាំងអស់ សូមមានសុខភាពល្អ មានការគាំទ្រពីអតិថិជនកាន់តែច្រើន និងទទួលបានជោគជ័យគ្រប់ភារកិច្ច។
សូមជម្រាបថា ក្នុងឱកាសទទួលថវិកាពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឺន ស្រីម៉ាច, កាកបាទក្រហមកម្ពុជា ក៏ទទួលថវិកាពីសប្បុរសជនមួយចំនួនទៀតផងដែរ ក្នុងនោះមានក្រុមហ៊ុន កម្ពុជាតេលា ថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក និងសប្បុរសជនចំនួន ១៤នាក់ទៀត តាមរយៈអ្នកឧកញ៉ា លាង ឃុន នៃក្រុមហ៊ុន ជីប ម៉ុង សរុបថវិកាចំនួន ២៤៧,០០០ដុល្លារអាមេរិក៕