(កោះកុង)៖ លោ កៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង និងលោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា បានស្ថាបនា ស្ពានឈើ១ខ្សែ ដែលមានទទឹង២ម៉ែត្រ បណ្តោយជាង១០ម៉្រែត្រ ជូនប្រជាពលរដ្ឋសម្រាប់ការធ្វើដំណើរ ងាយស្រួលឡើងវិញស្ថិតនៅ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ក្រោយពីផ្លូវមួយនេះ ត្រូវបានទឹកភ្លៀងហូរខ្លាំងពេក បណ្តាលច្រោះដាច់ ហើយពិបាកក្នុងការធ្វើដំណើរ ចេញចូលក្នុងភូមិ។

លោក ហាក់ ឡេង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ក្នុងឱកាសចុះពិនិត្យមើល ការស្ថាបនាស្ពាននេះបានថ្លែងទៅកាន់ ប្រជាពលរដ្ឋថា «ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅភូមិចាំយាម (ចំណុចក្រោយវត្ត) ឃុំបាក់ខ្លងថា ពួកគាត់ជួប បញ្ហាពិបាក ក្នុងធ្វើដំណើរចេញចូល ប្រកបអាជីវកម្ម ជាពិសេសកូនៗទៅសាលារៀនមិរួច ដោយសារផ្លូវធ្វើដំណើរត្រូវទឹកហូរដាច់និងមាន កម្លាំងទឹកហូរខ្លាំង ទើបធ្វើដំណើរចេញចូលអត់រួចនោះ ទើបអាជ្ញាធរបានសម្រេចផ្តល់ផ្លូវភ្លាមៗ ជូនពួកគាត់តែម្តង»

លោកបន្តទៀតថា ពេលមានបញ្ហានេះ ប្រជាពលរដ្ឋបានរាយការណ៍ជូនមេភូមិភ្លាមៗ ហើយពេលនោះ មេភូមិបានរាយការណ៍ ជូនលោក។ បន្ទាប់មកលោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្ត និងលោកបានដឹកនាំ ក្រុមការងារ និងមន្រ្តីជំនាញ ចុះទៅពិនិត្យ ភាពជាក់ស្តែង ក្នុងការពិនិត្យនៅទីនោះ ហើយលោកក៏ចាត់ចែងការងារភ្លាមៗ ដោយមានប្រជាពលរដ្ឋចូលរួមស្ថាបនារយៈពេល១ថ្ងៃ ទើបសាងសង់រួចរាល់។

លោក ហាក់ ឡេង បានបញ្ជាក់ថា កន្លែងនេះកាលពីមុនមិនមែនស្ពានទេ គឺការបំពាក់ប្រព័ន្ធលូ ហើយដោយសារកម្លាំងទឹកហូរខ្លាំងពេក ជាហេតុនាំឲ្យហូរតាមលូ មិនទាន់ធ្វើឲ្យដាច់ផ្លូវតែម្តង។ តែឥឡូវយើងបានធ្វើស្ពានឈើ ជាណ្តោះអាសន្នឲ្យគាត់បានប្រើប្រាស់សិន ចាំដល់រដូវប្រាំងយើងធ្វើជាស្ពានដែក ឬបេតុងវិញ។ ប្រជាពលរដ្ឋដែលទទួលស្ពានចំឡងថ្មីនេះ បាននិយាយថា បើសិនជាអាជ្ញាធរ ជួយអត់ទាន់ពេលទេ ពួកគាត់ទៅណាអត់រួចទេ ជាពិសេសសិស្សសាលា ទៅរៀនអត់រួចតែពេលនេះអ្វីៗ ប្រសើរឡើងវិញហើយ អ្វីដែលសំខាន់លូបានស្ពានវិញ។ ជាមួយគ្នានេះ អាជ្ញាធរក៏បានផ្តល់នូវគ្រឿងឧបភោគ បរិភោគជូនប្រជាពលរដ្ឋនៅទីនោះផងដែរ៕