(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក​ ព.ស.២៥៦៧ ដែលនិងចូលមកដល់នៅថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានរៀបចំពិធីសូត្រមន្ត ចំរើនព្រះបរិត្ត និងរាប់បាត្រប្រគេនព្រះសង្ឃ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ ដោយមានការអញ្ជើញចូលរួមពីលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រីទីស្នាក់ការកណ្តាល។

ក្នុងឱកាសឆ្នាំថ្មីនេះ លោកស្រី ពុំ ចន្ទីនី បានបួងសួងដល់តេជបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា និងប្រជាជនខ្មែរទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជារៀងរាល់ឆ្នាំ កាកបាទក្រហមកម្ពុជា តែងតែប្រារព្ធពិធីសូត្រមន្ដ ចម្រើនព្រះបរិត្ដ ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបុព្វការីជន ដែលបានចែកឋានទៅ។ លើសពីនោះ ដើម្បីជួបជុំមន្ដ្រី-បុគ្គលិក ធ្វើបុណ្យរួមគ្នា បង្កើនសាមគ្គីភាពគ្នា បំពេញបេសកកម្មមនុស្សធម៌ឱ្យកាន់តែប្រសើរ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត៕