(ស្វាយរៀង)៖ ទូស្សេខ្សែភ្លើងឆាប់ឆេះផ្ទះអាជីវករលក់សាំង ១ខ្នង បណ្តាលឱ្យបុរសជាម្ចាស់ផ្ទះស្លាប់ ស្ថិតនៅភូមិឈូកស ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង២០ និង៣០នាទីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញ។
លោក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឱ្យដឹងថា ក្រោយពីទទួលព័ត៌មានថា មានករណីភ្លើងឆេះផ្ទះមួយកន្លែង កម្លាំងអធិការនគរបាលស្រុក បានដឹកនាំបញ្ជាកងកម្លាំងអគ្គិភ័យ និងកម្លាំងប្រចាំបញ្ជាស្រុក សហការជាមួយកម្លាំងប្រចាំបញ្ជាខេត្ត និងអាជ្ញាធរពាក់ព័ន្ធធ្វើការអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ១គ្រឿង ហើយបាញ់ទឹករលត់ទាំងស្រុងនៅវេលាម៉ោង៩ និង១០នាទីយប់។
លោកអធិការនគរបាលស្រុកស្វាយជ្រំ បានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍អគ្គិភ័យនេះ មានឈ្មោះជា ពៅ ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិឈូកស ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជាម្ចាស់ផ្ទះ។ ចំពោះករណីនេះបានឆេះផ្ទះ ១ខ្នង ឃ្លាំងសាំង១ ទំហំ៤ គុណ១២ម៉ែត្រ សង់អំពីដែកប្រក់ស័ង្ហសី។
លោកអធិការបានបន្ថែមថា សម្ភារឆេះខូចខាតរួមមាន៖ ម៉ាស៊ីនចាក់សាំង១គ្រឿង, សាំង៥០កាន់, ប្រាក់រៀល ២០០,០០០រៀល, គ្រែដេក២, តុដែក១, កៅអីជ័រ៥, សាំង៤ធុង, សម្ភារចាបហួយមួយចំទៀត។
លោកអធិការបានបញ្ជាក់ថា មូលហេតុនៃអគ្គិភ័យនេះបណ្តាលមកពីទូស្សេខ្សែភ្លើង។ ចំពោះសាកសពសមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។
ជាមួយគ្នានេះ លោកអធិការស្រុក បានចូលរួមសោកស្ដាយ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ព្រោះជារដូវប្រាំងអាកាសធាតុក្តៅងាយ និងឆាបឆេះបន្ថែមលើសពីនេះត្រូវពិនិត្យមើល ប្រព័ន្ធភ្លើងឱ្យ បានល្អនៅក្នុងផ្ទះផងដែរ៕