(ភ្នំពេញ)៖ ដើម្បីរំលឹកនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់បានទទួលនូវព្រះរាជបរមងា ជា ព្រះស្រីលោកធម្មិ ករាជ នៅទីក្រុងគូបេ ប្រទេសជប៉ុន កាលពីឆ្នាំ២០១៤ កន្លងទៅ ហើយក៏ជាថ្ងៃដែលប្រទេស អ្នកគោរពព្រះពុទ្ធសាសនានៅលើសាកលលោកទាំង៥១ប្រទេស បានកំណត់យកថ្ងៃ ៨ មេសា នេះទុកជា ភស្តុតាងយ៉ាងប្រត្យក្សមួយ ដើម្បីលើកព្រះរាជសកម្មភាពរបស់ព្រះករុណាព្រះមហាក្សត្រដែលទ្រង់បានបំពេញចំពោះជាតិ មាតុភូមិ និងព្រះពុទ្ធ សាសនាដ៏ល្អផូរផង់ ទើបនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ គណៈនិកាយព្រះពុទ្ធសាសនាទាំងពីរគណៈរួម ជាមួយក្រសួងធម្មការ និងសាសនា ប្រារព្ធទិវាពុទ្ធសាសនាអន្តរជាតិ ៨ មេសា ក្រោមប្រធានបទ «សាមគ្គីភាពព្រះ ពុទ្ធសាសនាដើម្បីសន្តិភាពពិភពលោក»។

ក្នុងកម្មវិធីដ៏មានអត្ថន័យនោះ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះរាជតំណាងសម្តេច ព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស និង ព្រះធម្មមង្គលមុនី ហង្ស សាវី ព្រះរាជតំណាង សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី បានឡើងអានព្រះរាជសារដោយសង្កត់ ធ្ងន់ថា ការប្រារព្ធទិវានេះ គឺជាការចូលរួមចំណែកនូវការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញ បទពិសោធន៍ បច្ចេកទេស ទេពកោសល្យ វប្បធម៌ ចរិយាធម៌ ក្នុងព្រះពុទ្ធសាសនាក៏ដូចជាការក្រើនរំលឹកបំផុសស្មារតី និងមនសិការដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវបព្វជិត យុវពុទ្ធសាសនិក ដែលជាទំពាំងស្នងឬស្សី មានកាតព្វកិច្ច ថែរក្សាការពារ ទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យបានគង់វង្ស និងរួមចំណែកដល់ការអភិវឌ្ឍជាតិមាតុភូមិទាំងមូល។

លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ទូលប្រគេនថា ការប្រារព្ធពិធីក្រោមប្រធានបទ សាមគ្គីភាពព្រះពុទ្ធសាសនាដើម្បីសន្តិភាពពិភពលោកគឺព្រះពុទ្ធសាសនាបានរួមចំណែកក្នុងការ អប់រំមនុស្ស ឲ្យស្រលាញ់សន្តិភាព និងការអភិវឌ្ឍ ព្រមទាំងឲ្យចេះស្រលាញ់រាប់អានគោរពគ្នាទៅវិញទៅមក ឲ្យមានព្រហ្មវិហារធម៌ និងបណ្តុះនូវសង្គហធម៌សម្រាប់មនុស្សគ្រប់រូប ជាពិសេសព្រះពុទ្ធសាសនា បានបង្ហាញនូវមាគារ៌ដ៏ត្រឹមត្រូវដើម្បីឲ្យមនុស្សជាតិទូទៅយកទៅអនុវត្ត ឲ្យក្លាយជាសាកលលោកមួយប្រកប ដោយសុខសន្តិភាព និងសុខដុមរមនាជានិរន្តរ៍ដែលជាតម្លៃដ៏ប្រត្យក្សពុំអាចកាត់ថ្លៃបាន។

លោករដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានលើកឡើងថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យតម្លៃដល់សន្តិភាព សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់ សន្តិភាពគឺជាអ្វីៗដែលស្រស់ស្រាយបំផុត សន្តិភាពផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមដល់មនុស្សជាតិគ្រប់ៗរូប គ្មានសន្តិភាព គ្មានការអភិវឌ្ឍ គ្មានការគោរពសិទ្ធិមនុស្ស និងគ្មានលទ្ធិប្រជាធិបតេយ្យ។

ក្រសួងធម្មការ និងសាសនា បានណែនាំដល់ព្រះសង្ឃគ្រប់ព្រះអង្គ ពុទ្ធសាសនិកគ្រប់រូប ក៏ដូចប្រជាពលរដ្ឋទូទៅ សូមព្រះមេត្តា មេត្តាចងចាំថាថ្ងៃ៨មេសា ជាទិវាពុទ្ធសាសនាអន្តរជាតិ និងសូមឲ្យមានការរៀបចំពិធីសាសនា នៅតាមវត្តអារាម ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានគ្រប់ទីកន្លែងជារៀងរាល់ឆ្នាំ៕