(ប៉ារីស)៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 លើកទី១៥ ដែលមានបារាំង ធ្វើម្ចាស់ផ្ទះ ត្រូវបានបញ្ចប់ដោយពេញលេញ នារាត្រីថ្ងៃអាទិត្យ ឈានចូលព្រឹកថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦ ដែលបង្កប់ទៅដោយរឿង ដ៏គួរឲ្យភ្ញាក់ផ្អើល និងការឈឺចាប់មួយចំនួនមាន ដូចខាងក្រោមនេះ ដោយផ្អែកតាមសារព័ត៌មាននានា និងគេហទំព័រ UEFA៖
១/. បារាំង បានធ្វើម្ចាស់ផ្ទះនៃយុទ្ធនាការ ដែលមានរយៈពេល ៤ឆ្នាំម្តងជាលើកទី៣ ច្រើនជាងគេក្នុងអំឡុងឆ្នាំ១៩៦០ ១៩៨៤ និងឆ្នាំ២០១៦ នេះ តែក្នុងនោះបានសម្រេច តែម្តងគត់ ក្នុងឆ្នាំ១៩៨៤ ក្រោយយកឈ្នះក្រុមជម្រើសជាតិ អេស្ប៉ាញ ២-០ នៅវគ្គផ្តាច់ព្រ័ត្រ ខណៈដែលការធ្វើម្ចាស់ផ្ទះ នៃពាននេះដំបូងគេក្នុងឆ្នាំ១៩៦០ បានត្រឹមតែជាប់លេខ ៤ប៉ុណ្ណោះ និងបន្តមិនឈ្នះជើងឯកទៀត ក្នុងការធ្វើម្ចាស់ផ្ទះឆ្នាំ២០១៦ នេះទៀត ក្រោយចាញ់ព័រទុយហ្គាល់ ១-០ ក្នុង ម៉ោងបន្ថែម ១៥នាទី ២ដង ក្រៅពីឈ្នះពាន Euro លើកទី២ ក្នុងឆ្នាំ២០០០ ក្រោយយកឈ្នះអ៊ីតាលី ២-១ នៅវគ្គផ្តាច់ ព្រ័ត្រ ដែលមានប៊ែលហ្ស៊ិក និងហូឡង់ ធ្វើម្ចាស់ផ្ទះរួមគ្នា។
២/. ក្រុមកីឡាករបារាំង បានបន្តធ្វើឲ្យអ្នកគាំទ្រ និងប្រធានាធិបតីបារាំងលោក Francios Holland ដែលចូលរួមទស្សនា គ្រប់ការប្រកួតនៃក្រុមជម្រើសជាតិមាន់គក បន្តខកចិត្តទៀត ក្រៅពីបានជ្រុះចេញពី World Cup 2014 នៅប្រទេសប្រេស៊ីល និង Euro 2012 នៅប៉ូឡូញ និងអ៊ុយក្រែន ត្រឹមវគ្គ៨ក្រុមដូចគ្នា។
៣/. ព័រទុយហ្គាល់ បានកែប្រែប្រវត្តិសាស្រ្តថ្មីក្នុងការឈ្នះពាន Euro 2016 លើកទី១ របស់គេ ពីការលេងមិនដែលឈ្នះ បារាំង ក្នុងការប្រកួតពានរង្វាន់ធំៗមានដូចជា World Cup និង Euro នេះជាដើម ហើយថែមទាំងបានបញ្ឈីមាន់គក បារាំងដល់ក្នុងផ្ទះទៀតផង បើទោះបីជាអត់មាន Cristiano Ronaldo ក៏ដោយដែលត្រូវបានប្តូរចេញនៅនាទីទី២៣ ដោយសារតែទទួលរងរបួសជង្គង់ឆ្ចេង ពេលប៉ះទង្គិចគ្នាជាមួយកីឡាករខ្សែប្រយុទ្ធ Dimitri Payet របស់បារាំង ដោយបង្ខំចិត្តចាកចេញពីទីលានទាំងទឹកភ្នែក។
៤/. វីរៈបុរសរបស់ព័រទុយហ្គាល់ គឺកីឡាករខ្សែប្រយុទ្ធ Eder កម្ពស់ ១.៩០ម៉ែត្រ ដែលកំពុងប្រកបអាជីពក្នុងក្លឹប Lille ក្នុងប្រទេសបារាំង បានស៊ុតបញ្ចូលទី១គ្រាប់នៅនាទីទី១០៩ ក្នុងនាទីបន្ថែម ១៥នាទី២ដងនៅកីឡដ្ឋាន Stade de France ស្ថិតក្នុងទីក្រុងប៉ារីស ដែលមានទស្សនាផ្ទាល់ចំនួន ៧៥៨៦៨នាក់។
៥/. អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺព័រទុយហ្គាល់ ជាក្រុមវីសធ្លាក់ក្នុងវគ្គជម្រុះក្នុងពូល F ចុងក្រោយគេដោយឈរនៅ លេខ៣ មកប៉ះម្ចាស់ផ្ទះបារាំង ដែលជាក្រុមចេញពីលេខ១ ក្នុងពូល A។ លេង៣ប្រកួតវគ្គសន្សំពិន្ទុក្នុង ព័រទុយហ្គាល់ មិនដែល ស្គាល់ជ័យជំនះសោះ តែមិនដែលចាញ់ដែរ ពោលគឺស្មើទាំង៣ប្រកួតតែម្តង ដោយលេងបានស្មើលទ្ធផល ១-១ ពេលប៉ះអ៊ីស្លង់ មុនមកស្មើ ០-០ ពេលជួបអូទ្រីស និងស្មើ ៣-៣ ពេលប៉ះហុងគ្រី ដែលបានទម្លាក់ក្រូអាត ១-០ ក្នុងនាទីបន្ថែមវគ្គ១៦ក្រុម ដើម្បីឡើងទៅជួបប៉ូឡូញ វគ្គ៨ក្រុម ឈ្នះដោយប៉េណាល់ទី ៥-៣ ក្រោយប្រកួតពេញម៉ោង ស្មើ ១-១ និងទម្លាក់វ៉េល ២-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុនមកឈ្នះបារាំង ១-០ ក្នុងនាទីបន្ថែម១៥នាទី ២ដង នៅវគ្គផ្តាច់ព្រ័ត្រ កសាងប្រវត្តិសាស្រ្តថ្មី សម្រាប់ប្រទេសរបស់គេ ក្រោយរង់ចាំអស់រយៈពេល១២ឆ្នាំមកនេះ គ្រាដែល Euro 2004 បានត្រឹមតែរង់ជើងឯក បន្ទាប់ពីចាញ់ក្រិក ១-០ ក្នុងទឹកដីរបស់ខ្លួននោះ។
៦/. ស្ទើរតែ ១០០% ទាយថា ម្ចាស់ផ្ទះបារាំងលើកពាន Euro 2016 នេះ ដោយផ្អែកតាមប្រវត្តិព័រទុយហ្គាល់ លេងមិនឈ្នះបារាំង ក្នុងពានរង្វាន់ធំៗពីមុនមកទេ ហើយបារាំង ក៏ជាក្រុមដែលបានទម្លាក់ ក្រុមខ្លាំងផុតលេខ ឥន្រ្ទីដែក អាល្លឺម៉ង់ ២-០ ក្នុងវគ្គ៤ក្រុមផងដែរ ដែលបានបង្កការឈឺចាប់ជាខ្លាំង ចំពោះអាល្លឺម៉ង់ថ្មីទៀតធ្លាក់ ត្រឹមវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ ដូច Euro 2012 ដែរ ដោយសារតែកីឡាករសំខាន់ៗរបួស។
៧/. ការប្រកួតដែលបានធ្វើឡើងនៅទូទាំងទីក្រុងធំៗចំនួន១០ ក្នុងពហុកីឡដ្ឋាន១០ ផ្សេងគ្នា ទូទាំងប្រទេសបារាំង បានចំណាយពេល១ពេញ គឺចាប់ពីថ្ងៃទី១០ មិថុនា រហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ស្មើនឹង ៥១ប្រកួត ដែលពុំមានប្រកួតយកចំណាត់ថ្នាក់លេខ៣នោះ មានអ្នកចូលរួមទស្សនាសរុបចំនួន ២,៨០៤,៧២៩នាក់ ជាមួយនឹង ការស៊ុតបញ្ចូល ទាំងទាំងអស់មាន ១០៨គ្រាប់ ពី២៤ជម្រើសជាតិសាសន៍ដែលបានឡើង មកវគ្គចែកពូលនេះ។
៨/. សម្រាប់ប្រាក់រង្វាន់ជយលាភី ក្រុមជើងឯកព័រទុយហ្គាល់ ទទួលបានពាន Euro 2016 ១គ្រឿង មេដាយមាស ២៥គ្រឿង និងអមដោយទឹកប្រាក់ ៣៧លានដុល្លារ ខណៈដែលលេខ២ បារាំង ទទួលបានមេដាយប្រាក់ ២៥គ្រឿង និងអមដោយទឹកប្រាក់ ២៨លានដុល្លារអាមេរិក ពីចំនួនទឹកប្រាក់សរុប ៣០១លានអឺរ៉ូ ដែល UEFA បានត្រៀមចែក ជូនក្រុមទាំង ២៤ជាតិសាសន៍។ លើសពីនេះទៀត ស្បែកជើងមាស ត្រូវបានទៅលើកីឡាករ Antoine Griezmann ដែលស៊ុតបញ្ចូលទីបាន ៦គ្រាប់ច្រើនជាងគេ និងបញ្ចូលបាល់ឲ្យមិត្តរួមស៊ុត (Assists) បាន២គ្រាប់ដែរ ពីការចូលលេងបាន ៥៥៥នាទី ក្នុងចំណោម ៧ប្រកួតរបស់បារាំង។
៩/. ស្បែកជើងប្រាក់ បានធ្លាក់ទៅលើ Cristiano Ronaldo របស់ព័រទុយហ្គាល់ ដែលក្នុងនាមជាកីឡាករស៊ុតបញ្ចូលទី បាន ៣គ្រាប់ ក្នុងនោះ ២គ្រាប់នៃវគ្គសន្សំពិន្ទុក្នុងពូល និង១គ្រាប់ទៀតពេលទម្លាក់វ៉េល ២-០ ជាមួយមិត្តរួមក្រុម Nani ដោយ Assists បាន៣គ្រាប់ ពីការចូលលេងបាន ៦២៥នាទី និងស្បែកជើងសំរឹទ្ធ២ផ្សេងទៀត បានធ្លាក់ទៅលើកីឡាករខ្សែប្រយុទ្ធដូចគ្នា Olivier Giroud និង Dimitri Payet របស់បារាំង ដែលបំប៉ោងសំណាញ់ទីបាន ៣គ្រាប់ដូចគ្នាផងដែរ ជាមួយនឹងពានរង្វាន់កីឡាករ វ័យក្មេងលេងល្អបំផុតប្រចាំព្រឹត្តិការណ៍នេះ បានធ្លាក់ទៅលើកីឡាករ ខ្សែប្រយុទ្ធ Renato Sanches វ័យ១៨ឆ្នាំ របស់ព័រទុយហ្គាល់ ខណៈដែលពានស្រោមដៃមាស ក្រុមលេង Fair Play អាជ្ញាកណ្តាលកាត់ក្តីល្អ និងគ្រូបង្វឹកដឹកនាំល្អជាងគេ មិនត្រូវបានចាត់ចំណាត់ថ្នាក់ឡើយ។
១០/. ៩ក្រុមជម្រើសជាតិសាសន៍មាន អង់គ្លេស រុស្ស៊ី វ៉េល ក្រូអាត ហុងគ្រី អ៊ីស្លង់ ព័រទុយហ្គាល់ ស្លូវ៉ាគី អាល់បានី ត្រូវ បាន UEFA កត់ចូលក្នុងបញ្ជីស្បែកខ្មៅ និងពិន័យជាទឹកប្រាក់ចំនួន ១៥លានអឺរ៉ុប ទៅលើសហព័ន្ធកីឡាបាល់ ទាត់រុស្ស៊ី និងពិន័យ ៧ម៉ឹនអឺរ៉ូ ទៅលើសហព័ន្ធកីឡាបាល់ទាត់ក្រូអាត ដោយសារតែអ្នកគាំទ្រ ប៉ះទង្គិចគ្នានៅក្រៅ ពហុកីឡដ្ឋាន និងក្នុងពហុកីឡដ្ឋាន ដែលច្រើនតែកើតឡើងក្នុងទីក្រុង Marseille និងទីក្រុង Lille នៃប្រទេសបារាំង និងមានការដុតកាំជ្រួច គប់វត្ថុផ្សេងៗចូលទីលាន ស្រែកច្រៀងរំខានដល់ផងដែរ៕
Eder ស៊ុតគ្រាប់ជ័យជំនះនៅនាទីបន្ថែម ១០៩